ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានច្រានចោលព័ត៌មានដែលផ្សាយថា កម្ពុជាបានផ្ទុះឡើងនៃជំងឺហ្ស៊ីកានៅពេលនេះ។
លោក លី សុវណ្ណ ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ Post News នៅមុននេះបន្តិចថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានជំងឺហ្ស៊ីកានោះទេ ប៉ុន្តែបើតាមការវាយតម្លៃរបស់ពិភពលោកថា កម្ពុុជាអាចនឹងកើតជំងឺនេះ ក្នុងនោះក៏មានបណ្តាប្រទេសផ្សេងៗទៀតផងដែរ។
ការច្រានចោលព័ត៌មាននេះ គឺបន្ទាប់ពីមានការផ្សាយថា ជំងឺហ្ស៊ីកា កំពុងកើតមាននៅតាមតំបន់ខ្លះនៃប្រទេសកម្ពុជា ហើយគេមិនដឹងថា អ្នកធ្វើដំណើរអាចប្រឈមនឹងជំងឺនេះប៉ុណ្ណានោះទេ តែទំនងជាមានកម្រិតទាបជាងនៅតាមតំបន់ដែលជំងឺនេះទើបតែចូលដល់ ហើយកំពុងរាលដាលជាទូទៅ ជាមួយគ្នានោះដែរ ព័ត៌មាននោះក៏បានផ្សាយដោយឲ្យអ្នកដំណើរផ្អាកដំណើរណាដែលមិនចាំបាច់មកកម្ពុជាទៀតផង។
សូមជំរាបផងដែរថា ក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការអប់រំសុខភាពទូទាំងប្រទេស គ្រប់រាជធានី ខេត្ត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺហ្ស៊ីកា ទាំងតាមព្រំដែន និងក្នុងប្រទេស ។ ក្នុងពេលជាមួយគ្នានោះដែរ ក្រុុមមន្រ្តីជំនាញកំពុងពង្រឹងប្រព័ន្ទតាមដានជំងឺហ្សីុកាលើមនុស្ស និងរុករកមេរោគហ្សីុកាដែលអាចផ្ទុកលើមូសខ្លា និងទប់ស្កាត់ការរាតត្បាតឲ្យទាន់ពេលវេលា៕
មតិយោបល់