ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរថយន្តក្រឡុកបេតុងរេចង្កូតឡើងសួនច្បារបុកបង្គោលភ្លើង និងស្លាកប៉ាណូ ត្រង់ចំណុចខាងមុខវិទ្យាស្ថានជាតិអប់រំពិសេស ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ យោងតាមប្រភពពីបុរសម្នាក់មានឈ្មោះ សួន ណារ៉េត អាយុ ៣៤ឆ្នាំ ជាតៃកុងរថយន្តបង្កបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តក្រឡុកបេតុងមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ5A-1465 ធ្វើដំណើរមកពីចាក់បេតុងនៅព្រែកតាទេនបំណង បើកត្រលប់ទៅការ៉ាសវិញ តាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុគាត់ក៏បានអក់ហ្សើជាមួយនិងរថយន្តមួយគ្រឿង ទៀតមិនចាំម៉ាកនៅខាងមុខ ខណៈពេលនោះគាត់ក៏កាច់ចង្កូតរថយន្ដទៅខាងឆ្វេងគេចចេញពីរថយន្ដនោះ រួចរថយន្តក៏ជ្រុលទៅឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកប៉ាណូមួយដើម បណ្ដាលឲ្យបាក់ដល់ដី មិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត ចំណែកឯរថយន្តបង្កបានរងការខូចខាតក្រពឹតនិងបែកកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់