ព័ត៌មានជាតិ

រថយន្ត LAND CRUISRE ស៊េរីទំនើប២០១៩ មួយគ្រឿង ម្ចាស់ទើបតែទិញបាន ២ថ្ងៃ ត្រូវជនសង្ស័យលួចយកទៅប្លុងចោលក្នុងដីឡូតិ៍

ភ្នំពេញ: រថយន្តLAND CRUISRE សេរីទំនើប២០១៩ មួយគ្រឿង ម្ចាស់ទើបតែទិញបាន ២ថ្ងៃ ត្រូវបានជនសង្ស័យលួចបើកចេញពីផ្ទះ ម្ចាស់ឆោឡោកាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតផ្លុងចោល ក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

រថយន្តដែលជនសង្ស័យលួច ម៉ាក LAND CRUISER ពណ៌ស មិនទាន់ពាក់ស្លាកលេខ ខណ:ដែលទើបនឹងទិញបានកាលពីថ្ងៃទី១២ ខែកញ្ញា ពោលបាន២ថ្ងៃ ដែលមានម្ចាស់ ឈ្មោះ ឆៃ បូណា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។

តាមម្ចាស់ថងគ្រោះបានឲ្យដឹងថា រថយន្តទើបតែទិញបាន២ថ្ងៃ មិនទាន់បានធ្វើស្លាកលេខបានផង ហើយមុនកើតហេតុ កាលពីព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីមានរៀបចំសែនព្រះខែ តាមជំនឿហើយ ចូលសម្រាកលង់លក់បាត់ទៅ ទ្វាររបង និងទ្វារផ្ទះខាងក្រោម បិទចាក់សោទៀត លុះដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី១៤ ខែកញ្ញានេះ ភ្ញាក់ពីដំណេក ឃើញទ្វារផ្ទះខាងក្រោម ទ្វាររបងចំហរ ហើយបាត់ឡាន ឆោឡោ និងមានពលរដ្ឋ ឃើញរថយន្តទើបបើកចេញពីក្នុងភូមិ នាំគ្នាដើរស្វែងរក រត់ទៅប្តឹងនគរបាលភ្លាមផងដែរ ប្រកាសស្វែងរក ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលផ្អើលទូទាំងក្រុងភ្នំពេញ កម្លាំងព្រហ្មទណ្ឌកម្រឹតស្រាល ជំនាញខណ្ឌពោធិសែនជ័យ កម្លាំងបណ្តាប៉ុស្តិ៍ ស្រាវជ្រាវស្វែងរក ស្រាប់តែនៅវេលាម៉ោង១២ថ្ងៃត្រង់ទី១៤ ខែកញ្ញា ប្រជាពលរដ្ឋ រាយការណ៍ ប្រទះឃើញរថយន្ត ពណ៌ស មួយគ្រឿងចតទុកចោល ក្នុងដីឡូត៍ទំនេរមួយកន្លែង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យ រួចយករថយន្តរក្សាទុកនៅប៉ុស្តិ៍ភ្លើងឆេះរទេះ សាកសួរម្ចាស់ រងគ្រោះ ផ្ទៀងផ្ទាត់ឯកសាររួច នគរបាលបានប្រគល់រថយន្តជូនទៅម្ចាស់វិញ និងបន្តធ្វើការស្រាវជ្រាវ រកជនសង្ស័យ ៕

មតិយោបល់