ព័ត៌មានជាតិ

លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ បាញ់គំរាមជនសង្ស័យក៏ផ្លាតគ្រាប់ ត្រូវស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់ កំពុងរត់គេចខ្លួន

ព្រះសីហនុៈ ករណីស្ត្រីម្នាក់ស្លាប់ក្រោយពីត្រូវគ្រប់កាំភ្លើងដោយអចេតនា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ទូច សុខ អាយុ ៦០ឆ្នាំ មានទីលំនៅខាងលើ។
ជនសង្ស័យឈ្មោះ កែ សុខន ភេទប្រុស អាយុ ៥១ឆ្នាំ ទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រត់គេចខ្លួន)។

ដំណើររឿង៖ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ បានដឹកនាំកម្លាំង២នាក់ រួមជាមួយអាវុធអាការ ២ដើម ចេញល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន មកដល់ចំណុចខាងលើប្រទះឃើញ ជនសង្ស័យម្នាក់ កាន់កាបូបគួរឲ្យសង្ស័យ ក៏ឃាត់ខ្លួនសួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ហើយលោកនាយប៉ុស្តិ៍ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យ ស្រាប់តែ ផ្លាតគ្រាប់ទៅត្រូវស្ត្រីម្នាក់ដែលអង្គុយក្បែរនោះ បណ្តាលឲ្យរងរបួសធ្ងន់រួចក៏ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅអធិការស្រុកព្រៃនប់ ប៉ុន្តែលោកឆ្លើយថា កំពុងធ្វើការស្រាវជ្រាវរឿងនេះ ហើយស្វែងរកមេប៉ុស្តិ៍មកសាកសួរ៕

មតិយោបល់