កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក នគរបាលស្រុកពញាឮ ធ្វើការពិនិត្យសាកសពបុរសម្នាក់ មានសភាពស្អុយរលួយ នៅសល់តែគ្រោងឆ្អឹង បន្ទាប់ពីមានគេប្រទះ នៅក្នុងព្រៃមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮ បានឲ្យដឹងថា សាកសពមនុស្សដែលគេប្រទះឃើញ មានឈ្មោះ អ៊ូច ឆាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងព្រៃ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ បុគ្គលិកផ្នែកស្ថាបនាផ្លូវជាតិលេខ៥ បានចុះកាន់បង្គោលវាស់នីវ៉ូធ្វើផ្លូវ ខណៈចុះទៅវាស់ក្នុងព្រៃមេទឹកក្បែរផ្លូវជាតិ៥ ស្រាប់តែបានប្រទះឃើញសាកសពមនុស្សនៅក្នុងទឹកមានសភាពរលួយ ទ្រោមសល់តែគ្រោងឆ្អឹង ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ច នគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់លួង ដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះចុះទៅ កន្លែងកើតហេតុ រួចរាយការណ៍បន្ដទៅកម្លាំងនគរបាលជំនាញស្រុក ដោយសហការជាមួយកម្លាំង នគរបាលជំនាញបច្ចេកទេសខេត្ដ ដោយមាន ការចូលរួមលោកគ្រូពេទ្យជំនាញស្រុក រួចធ្វើការពិនិត្យឃើញថា សាកសពជនរងគ្រោះ មានសភាពទ្រោមសល់តែគ្រោងឆ្អឹង ហើយកម្លាំងជំនាញ បានយកឆ្អឹងមកតំរៀប ពិនិត្យមើល មិនមានស្លាកស្នាមអ្វីលើឆ្អឹងគួរអោយកត់សំគាល់ឡើយ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹក ។
បន្ទាប់ពីធ្វើការពិនិត្យចប់ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកសាច់ញាតិ រហូតដឹងសាច់ញាតិជនរងគ្រោះ និងអត្ដសញ្ញាណ រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ។
ក្រោយពីសាច់ញាតិមកទទួលសាកសពជនរងគ្រោះរួច ខណៈនោះដែរ បុរសចំណាស់ម្នាក់ឈ្មោះ ឆឹម សារុន ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំនៅភូមិពោធិតូច ឃុំ កំពង់លួង ស្រុកពញាឮ ដែលត្រូវជាពូជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ វី ពណ៌ខ្មៅ របស់ខ្លួន ចេញពីស្រុកកំណើតឯខេត្តកំពត មកលេងផ្ទះគាត់(ជាពូ) ដោយពេលនោះ ជនរងគ្រោះមានស្លៀកខោពីរជាន់ ខោក្នុងខ្លី ពណ៌ក្រហម និងខោក្រៅខ្លីប៉ារ៉ាត្រឹមជង្គង់ មានពាក់នាឡិកាដៃ និងមានចងខ្សែអំបោះក្រហមនៅកដៃខាងឆ្វេង ដោយជនរងគ្រោះជាក្មួយរបស់គាត់មានសតិមិនគ្រប់ទេ លុះដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ស្រាប់តែបាត់ជនរងគ្រោះចេញពីផ្ទះគាត់ ដោយពុំដឹងទៅទីណានោះទេ ហើយរូបគាត់ និងបងប្អូននាំគ្នាដើររកដែរ ប៉ុន្តែរកមិនឃើញ ដោយឮគេនិយាយថា៖ ឃើញជនរងគ្រោះដើរចូលក្នុងព្រៃ ប្រឡាយមេទឹក តាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងភូមិ/ ឃុំកើតហេតុខាងលើ ។ លុះមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ក៏ទទួលបានករណីនេះម្ដង៕
មតិយោបល់