សៀមរាបៈ ជឿន គឹមហេង ទំនងជាស្ត្រីពិការទី១ បានឡើងទៅទស្សនានៅលើរួតបាកាណ ដែលជាជាន់ខ្ពស់ជាងគេបង្អស់នៃប្រាសាទអង្គរវត្តបានដោយជោគជ័យ នេះក៏ដោយសារតែឆន្ទៈដ៏មុតមាំរបស់នាង ដែលបានទទូចស្នើសុំមកអាជ្ញាធរជាតិអប្សរាកន្លងមក។
មុនពេលឡើងទៅលើរួតបាកាណ ជឿន គឹមហេង អាយុ២៥ឆ្នាំ និងក៏ជាមន្ត្រីរាជការមួយរូប ដែលបានពិការស្វិតជើងតាំងពីតូចមកបានរៀបរាប់ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះថា នាងពិតជាប្រាថ្នាចង់ឡើងលើរួតបាកាណខ្លាំងណាស់។ នៅពីរបីខែមុនដោយសារតែពុំបានដឹងមុននាងបានមកកម្សាន្តនៅប្រាសាទអង្គរវត្តហើយបានសុំភ្នាក់ងារឡើងទៅជាន់លើដូចភ្ញៀវដទៃទៀតដែរ តែត្រូវបានហាមឃាត់ដោយភ្នាក់ងារទេសចរណ៍ ក្រោមហេតុផលសុវត្ថិភាពរបស់នាង។
ដោយមិនអស់ចិត្ត គឹមហេង បានស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលយ៉ាងណាឲ្យនាងអាចឡើងទៅរួតបាកាណ បានដោយនាងជាអ្នកទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រោយទទួលបានការអនុញ្ញាត នាងបានរៀបរាប់ទាំងក្តីរំភើបថា ក្តីប្រាថ្នារបស់នាងពិតជាបានសម្រេចហើយ ដោយអាជ្ញាធរជាតិអប្សរាគ្រាន់តែតម្រូវឲ្យនាងសរសេរលិខិតធានាសុវត្ថិភាពផ្ទាល់ខ្លួនមួយច្បាប់ប៉ុណ្ណោះ។
“កាលពីដើមអង្គរដូចជារឿងនិទានប៉ុណ្ណោះតែពេលនេះខ្ញុំបានមកដល់ហើយ អង្គរពុំមែនជារឿងនិទានទៀតទេ វាជារបស់មានពិត”។
ឆ្លើយតបនឹងសំណួរដែលថា ហេតុអ្វីនាងចេះតែទទូចចង់ឡើងលើរួតបាកាណដ៏ខ្ពស់ដែលពិតជាពិបាកសម្រាប់មនុស្សពិការដូចជា រូបនាងនេះ គឹម ហេង បានពន្យល់យ៉ាងមុតមាំថា “ហេតុអ្វីខ្ញុំមិនអាចឡើងបាន? ខ្ញុំគ្រាន់តែពិការតែខ្ញុំដឹងថា ខ្ញុំពិតជាអាចឡើងបាន។ ជាក់ស្តែងគេនិយាយថា អង្គរវត្តមានជណ្តើរខ្ញុំមិនអាចទៅបានទេតែពេលនេះខ្ញុំមកបានហើយតើ។ ខ្ញុំដឹងថា ទីនេះលំបាកតែបើខ្ញុំអាចធ្វើវាបានវាជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ បើខ្ញុំមកទីនេះបាន កន្លែងណាក៏ខ្ញុំអាចទៅបានដែរ។ ខ្ញុំនឹងឡើងទៅលើនិងចុះមកវិញដោយខ្លួនឯងព្រោះខ្ញុំទុកចិត្តខ្លួនឯងជាងអ្នកដទៃជួយ”។
ពេលឡើងមកដល់រួតបាកាណគឹមហេងបានរៀបរាប់ទាំងអារម្មណ៍រំភើបសប្បាយរីករាថា “វាពិតជាអស្ចារ្យណាស់!ឡូយ… ឡើងបានមែន! អម្បាញ់មិញ អ្នកនៅទីនេះបានទះដៃអបអរសាទរឲ្យខ្ញុំបើគ្រប់គ្នាដឹងប្រហែលជាគេទះដៃឲ្យខ្ញុំដែរហើយ!ខ្ញុំពិតជាអាចធ្វើបានមែន!”។
ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេង តុលាបានរៀបរាប់ថាតាមគោលការណ៍យើងមិនអនុញ្ញាតឲ្យអ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ឡើងលើរួតបាកាណទេព្រោះយើងបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគាត់។ តែចំពោះករណីនេះ យើងឃើញថា គោលបំណងរបស់គាត់មុះមុតខ្លាំង ទើបសុំឲ្យគាត់សរសេរលិខិតធានាសុវត្ថិភាពដោយខ្លួនឯង។ ជាមួយគ្នានេះ យើងក៏បានជួយសម្រួលដល់ការឡើងទៅលើរបស់គាត់ដោយយើងបញ្ជូនភ្នាក់ងារបុរសម្នាក់ជួយដើរអមគាត់ទាំងពេលឡើងពេលកម្សាន្តនិងពេលចុះមកវិញ៕
មតិយោបល់