ព័ត៌មានជាតិ

ស្វាគមន៍ខណ្ឌទើបបង្កើតថ្មី! ចោរកាត់ចង្រឹងបង្អួចអគាររោងចក្រ «ហ្រ្គីនហ្វៀល» លូនចូលទៅគាស់ទូរដែក យកលុយជិត៥ម៉ឺនដុល្លារ

ភ្នំពេញៈ ប្រាក់ជិត៥ម៉ឺន ដុល្លារ ត្រូវបានជនសង្ស័យ១ក្រុម ធ្វើសកម្មភាពគាស់យកចេញពីទូរដែកមួយ ដែលទុកនៅក្នុងបន្ទប់ធ្វើការ របស់បុរសជនជាតិចិនម្នាក់ ក្នុងអគាររោងចក្រកាត់ដេរមួយកន្លែងយីហោ «ហ្រ្គីន ហ្វៀល ខេមបូឌា អ៊ិនដាស់ស្ទ្រីល ឯ. ក»។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ហើយរោងចក្រកាត់ដេរខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់លុយខាងលើ ឈ្មោះ LI QIANG ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៖ G52007632 ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ លុយដែលបាត់លុយចំនួន ៤៩,០០០ដុល្លារអាមេរិក បច្ចុប្បន្នស្នាក់នៅ ក្នុងអគាររោងចក្រ ស្ថិតនៅក្នុងភូមិកើតហេតុ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា បុរសរងគ្រោះរូបនេះ បានយកលុយចំនួន៨ម៉ឺនដុល្លារទៅទុក នៅក្នុងទូរដែកមួយនោះ ដែលស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់គាត់។ លុះដល់ថ្ងៃទី២១ ខែតុលា មុនពេលកើតហេតុ១ថ្ងៃ គាត់ទៅបានដកយកលុយនោះមកវិញចំនួន៣១,០០០ដុល្លារ យកទៅចំណាយលើការងារផ្សេងៗ ក្នុងរោងចក្ររបស់ខ្លួនគាត់។ ចំណែកលុយដែលនៅសល់ពីការដកចេញខ្លះនោះចំនួន៤៩,០០០ដុល្លារគាត់បានរក្សាទុកនៅក្នុងទូរដែកនោះវិញ ដដែល ហើយក៏មិនដឹងថា ពេលដកនោះមាននរណាខ្លះ ស្ថិតនៅក្បែរគាត់បានឃើញលុយដែរឬអត់នោះឡើយ។

ប្រភពដដែលបានបន្តថា គាត់បានចាក់សោទូរដែក និងសរបន្ទប់យ៉ាងត្រឹមត្រូវ មុននិងចាកចេញពីបន្ទប់ ហើយមិនបានដឹងថា ចោរចូលទៅលួចតាំងពីពេលណាមកទេ រហូតមកដល់វេលាម៉ោង ៧ព្រឹកថ្ងៃទី២២ ខែតុលា ពេលដែលគាត់ ចូលទៅដល់ក្នុងបន្ទប់ធ្វើការ ស្រាប់តែឃើញអីវាន់រប៉ាត់រប៉ាយ ហើយទូរដែក មានស្នាមគាស់ និងបាត់លុយអស់រលីងបាត់ទៅហើយ។ ខណៈនោះ គាត់បានហៅ ប្រធានរដ្ឋបាលរោងចក្រ ឲ្យទៅជួយមើលជាក់ស្ដែង រួចដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោក ដើម្បីជួយស្រាវជ្រាវបន្ទាន់ភ្លាមៗដែរ៕

មតិយោបល់