ភ្នំពេញៈ ប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ Post News ថា សំណូមពរឲ្យលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក មេត្តាជួយជំរុញមន្ត្រី ក្រោមឱវាទរបស់លោកផង មួយរយៈចុងក្រោយនេះ ហាក់បីដូចជាមានបទល្មើស ចោរឆក់ ឬលួចយ៉ាងសកម្ម ធ្វើឲ្យពលរដ្ឋធ្វើដំណើរតាមដងផ្លូវ មានការព្រួយបារម្ភជាខ្លាំង សូមឲ្យមន្ត្រីរបស់លោកមានការចុះល្បាតផង។
ជាក់ស្ដែងដូចជាករណីយប់មិញ កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា មុខប៉ុស្តិ៍នគរបាលទឹកល្អកទី១ ខណ្ឌទួលគោក មានករណីប្តីប្រពន្ធពីរនាក់ ស្រវឹងស្រា បានឈប់រថយន្តដេក មួយភាំងតាមផ្លូវ ត្រូវជនសង្ស័យគាស់ទ្វារលួចលុយ និងទូរស័ព្ទអស់ទឹកប្រាក់ជិត២ពាន់ដុល្លារ។
ខណៈដែលអ្នកកាសែតតាមយកព័ត៌មានខាងលើនេះ ក៏លោកមេប៉ុស្ដិ៍ទឹកល្អក់ទី១ បិទបាំងព័ត៌មានដេញអ្នកកាសែតចេញ សង្ស័យលោកខ្លាចបែកធ្លាយដឹងដល់ថ្នាក់លើ ស្ដីបន្ទោស ព្រោះមន្រ្តីក្រោមឱវាទរបស់លោក មិនចេញល្បាត ឬមួយចេញមួយភ្លាត ក៏រត់ចូលប៉ុស្តិ៍វិញអស់ មើលទៅធ្វើឲ្យគ្រាន់តែល្អមើលប៉ុណ្ណោះ។
ពលរដ្ឋបានបន្ថែមទៀតថា សូម្បីតែនៅមុខប៉ុស្តិ៍នគរបាលទឹកល្អកទី១ ក៏ក្រុមចោរហ៊ានធ្វើសកម្មភាពលួចទៅហើយ ចុះទំរាំមូលដ្ឋានពួកគាត់រស់នៅវិញ មិនដឹងយ៉ាងណាទេ តើឲ្យពួកគាត់សង្ឃឹមលើអី៕
មតិយោបល់