ព័ត៌មានជាតិ

ឈ្លោះគ្នាបែកផ្សែង ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ្វត បើកឆ្លងផ្លូវត្រូវម៉ូតូវីវ៉ាបុក បណ្ដាលរងរបួស នៅខណ្ឌដូនពេញ

ភ្នំពេញៈ បុរសម្នាក់ រួមដំណើរនិងបុរសពីរនាក់ទៀត បើករថយន្តមួយគ្រឿង ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ ក្នុងល្បឿនមធ្យមបុក បណ្ដាលរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្សកែងនិងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនិងបុរសពីរនាក់ទៀត បើករថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ 5171 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវពាក់កណ្ដាល ស្រាប់តែមានម៉ូតូវីវា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1J-0935 ជិះដោយបុរសម្នាក់ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកចំចំហៀងមុខផ្នែកខាងឆ្វេង បណ្ដាលឲ្យម៉ូតូជាប់ជាមួយរថយន្ត ចំណែកម្ចាស់ម៉ូតូខ្ទាតចេញរងរបួស។

ក្រោយហេតុការណ៍ភាគីខាងរថយន្ត អាងមានគ្នាច្រើនចុះពីរថយន្ត រកវាយភាគីខាងម៉ូតូទៀត តែបានប្រជាពរដ្ឋជួយឃាត់ ហើយបាននិយាយ ទៅកាន់ខាងម៉ូតូថា ស្តុបក្រហមហើយនៅជិះមកបុករថយន្តទៀត រីឯខាងម៉ូតូវិញ ឆ្លើយថាស្តុបខៀវហើយ ទើបគាត់បើក ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាយកត្រូវរៀងៗខ្លួន មួយសន្ទុះក្រោយមក ភាគីខាងម៉ូតូដោយរបួសកាន់ឈឺខ្លាំង ក៏សម្រេចឡើងរថយន្តទៅព្យាបាលរបួសសិន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ទាក់ជំនាញមកវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់