ព័ត៌មានជាតិ

រន្ធត់ណាស់! តៃកុងងោកមួយភាំង បណ្ដាលឲ្យព្រូម្នាក់ស្លាប់ក្នុងកាប៊ីន

ភ្នំពេញ: កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចជិតស្តុបទំនប់កប់ស្រូវចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិអន្លុងក្ងាន សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញបុរសម្នាក់បានបាត់បង់ជីវិត ក្នុងកាប៊ីនរថយន្ត និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:តៃកុងរថយន្តងងុយដេក ជ្រុលទៅបុករថយន្តធន់ធំពីក្រោយ។

ជនរងគ្រោះឈ្មោះ វិន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរព្រូរថយន្ដ។
ជនរងគ្រោះឈ្មោះ វ៉េវ ភេទប្រុស មុខរបរលើកអីវ៉ាន់ (រងរបួសធ្ងន់)។
តៃកុងរថយន្តឈ្មោះ ប៉ូង មករា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើករថយន្ត (រងរបួសស្រាល) ។
ទាំង ៣នាក់រស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើរដោយរថយន្តកូរ៉េ ៣តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8929 ដឹកទំនិញពេញ ។

រថយន្តដែលចតលើដងផ្លូវ ជារថយន្តធន់ធំ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្ដោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9618 តៃកុងរត់បាត់។

ដំណើររឿង៖ យោងតាមប្រភពពីអ្នកបើកបរ បានឲ្យដឹងថា ដំបូងឡើយគាត់បើករថយន្តដឹកទំនិញចាប់ហួយ ចេញពីស្អាង ក្នុងគោលបំណងយកទៅខេត្តកំពង់ធំ ជិះតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានងោកមួយភាំង រ៉េចង្កូតមកស្ដាំ ទៅបុកនឹងរថយន្តសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងតែម្ដង ។

ក្រោយពីកើតហេតុសមត្ថកិច្ចវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយ រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់