ព័ត៌មានជាតិ

រថយន្តដឹកទឹកកកដាច់ហ្វ្រាំង រេចង្កូតបុករះ បណ្តាលឲ្យរងរបួសស្រ្តីម្នាក់ និងរថយន្ត២គ្រឿង ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង០៧និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានបុរសម្នាក់ បើករថយន្តដឹកទឹកកកដាច់ហ្រ្វាំង បានរេចង្កូតទៅបុករទេះលក់នំបុ័ងសាច់ របួសស្ត្រីម្នាក់ ហើយទៅប៉ះរថយន្ត NX-200t មួយគ្រឿងរយន្តនេះទៅបុករថយន្ត ព្រូសមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅតាមបណ្តោយផ្លូវ៣១៥ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកក ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3C-6096 បើកតាមបណ្តោយផ្លូវ៣១៥ ទិសដៅពីលិចទៅកើត ក៏ជ្រុលចង្កូតទៅបុករទេះលក់នំបុ័ងសាច់ បណ្តាលឲ្យក្រឡាប់រទេះ រងរបួសជើងស្រ្តីអ្នកអូសរទេះម្នាក់ ហើយរថយន្តបន្តទៅកៀររថយន្ត NX-200t ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AS-0015 ដែលនៅខាងមុខ បណ្តាលឲ្យរងការខូចខាតផ្នែកខាងស្តាំ ហើយបានគេចជ្រុលទៅបុករថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AE-4025 មួយគ្រឿងទៀត ដែលបើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេង រីឯរថយន្តបង្កហេតុមិនឈប់ ក៏ត្រូវរថយន្តលុចស៊ីស NX-200t បើកដេញតាមកាក់ពីមុខ ប្រហែល២០០ម៉ែត្រ ទើបរថយន្តបង្កឈប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង យករថយន្តទាំង៣គ្រឿង និងរទេះនំបុ័ងសាច់ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕

មតិយោបល់