ព័ត៌មានជាតិ

Update៖ សង្ស័យកូនញៀនថ្នាំ ខឹងសុំលុយទិញថ្នាំមិនបាន ដុត ផ្ទះខ្លួនឯងចោល បង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់១១ខ្នង ស្លាប់មនុស្ស២នាក់ និងរបួសម្នាក់

ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ ខ្ទេចអស់គ្មានសល់ ត្រូវគេសង្ស័យថា ដោយសារកូនញៀនថ្នាំ ខឹងសុំលុយឪពុកមិនបាន ក៏ដុតផ្ទះខ្លួនឯងចោល ហើយក៏រាលដាលដល់ផ្ទះអ្នកជិតខាងចំនួន១០ខ្នងទៀត។

ភ្លាមៗផងដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាជួយយកទុយោបាញ់ទឹក និងបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់មួយចំនួន តែមិនអាចជួយបាន ហើយបណ្តាលឱ្យកូនប្រុសម្ចាស់ផ្ទះដើមហេតុ អាយុ១១ឆ្នាំម្នាក់ ស្លាប់ក្នុងភ្លើង យ៉ាងវេទនា ចំណែកឪពុកក៏បានរងរបួស ខណៈទៅជួយកូនហើយបានស្លាប់ ពេលដែលដឹកដល់មន្ទីរពេទ្យកាល់ម៉ែត និងម្តាយរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ម្ចាស់ផ្ទះរងគ្រោះឈ្នោះ លី លិប អាយុ៧៦ឆ្នាំ (ស្លាប់) ត្រូវជាឪពុក និងកូនប្រុស មានសតិមិនគ្រប់ស្លាប់នៅក្នុងភ្លើងនោះឈ្មោះ សៃ ហ៊ូឡោះអាយុ១១ឆ្នាំ និងម្តាយរបួសធ្ងន់ ទាំងអស់គ្នាស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានចចាមអារ៉ាមមាត់ចាបមាត់ព្រាប បានឱ្យដឹងថា មូលហេតុ ដែលបណ្តាលឱ្យឆាបឆេះផ្ទះនោះ ផ្តើមចេញមកពីកូនប្រុស ម្ចាស់ផ្ទះម្នាក់ ប្រើសារធាតុញៀនហួសកម្រិត សុំលុយ ឪពុកម្តាយទិញថ្នាំញៀនជក់មិនបាន ក៏ឈ្លោះគ្នាឡូឡាផ្អើល ពេញភូមិ ក្រោយមកក៏ស្រាប់តែមានអគ្គិភ័យ កើតឡើងចេញពី ផ្ទះនោះមុនគេ ហើយក៏រាលដាលដល់ផ្ទះអ្នកជិតខាងតែម្តង ។

តាមប្រភពព័ត៌មានមួយទៀត បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកជិតខាង បានឃើញផ្សែងខ្មៅហុយៗខ្មួរខ្មាញ់ ចេញពីផ្ទះអ្នកស្លាប់នោះ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកជិតខាង បាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថា មានភ្លើងឆាបឆេះផ្ទះ ដែលម្ចាស់ផ្ទះកំពុងនៅជុំគ្នា ហើយភ្លាមៗនោះ ម្ចាស់ផ្ទះស្មានតែគេបង្កាត់ភ្លើង ចង្ក្រានធ្យូង ពេលដឹងថា ផ្ទះខ្លួនឯងក៏បានស្រែកឱ្យអ្នកជិតខាងជួយ ខ្លះជួយយកទុយោបាញ់ទឹក និងយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ ប៉ុន្តែគេមិនអាចជួយបានរហូតឆេះខ្លាំងឡើងៗតែម្តង ដោយគេមិនទាន់ហ៊ាន សន្និដ្ឋានពីមូលហេតុ ដែលបណ្តាលឱ្យឆេះផ្ទះនោះនៅឡើយទេ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ច និងអាជ្ញាធរពាក់ពន្ធ័ កំពុងតែស្រាវជ្រាវរកមូលហេតុពិត ដែលផ្តើមឱ្យមានគ្រោះមហន្តរាយនេះ ដោយលោក មិនទាន់ហ៊ានសន្និដ្ឋាននៅឡើយ។

នៅក្នុងហេតុការណ៍នេះ គេឃើញអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជាមន្ត្រីពាក់ពន្ធ័ និងប្រជាពលរដ្ឋមួយចំនួន ចេញជួយអន្តរាគមន៍ យ៉ាងសស្រាក់ស្រាំ ជាមួយនឹងក្រុមរថយន្តពន្លត់អគ្គិភ័យ ទាំងស្នងការរាជធានី និងរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌឫស្សីកែវសរុប២៧គ្រឿង បាញ់ពន្លត់រលត់ទៅវិញ នៅវេលាម៉ោង១៣និង៤៥នាទីខែថ្ងៃដដែរ។

អាជ្ញាធរ និងសមត្ថកិច្ចឱ្យដឹងថា ឆេះផ្ទះទាំងស្រុង៦ខ្នង ឆេះមួយចំហៀង ឬឆេះពាក់កណ្តលចំនួន៥ខ្នង និងរោលខ្លោចមួយចំនួន រួមនឹងទ្រព្យសម្បត្តិ មួយចំនួនធំ៕

មតិយោបល់