ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ តាមបណ្តោយផ្លូវជាតិលេខ៣ មុខបុរីពិភពថ្មី២ ស្ថិតនៅក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1L-3431 បើកបរដោយឈ្មោះ ហម សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកណើត ស្ថិតនៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ លុះពេលបើកបរដល់ត្រង់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ។ ចំណែកឯម្ចាស់រថយន្តបង្កនោះវិញមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះឡើយ ដោយបើករថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ​៕

មតិយោបល់