ភ្នំពេញៈ កាលពីវេលាម៉ោង២១ និង០០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ព្រួតវាយឡើងទ្រោមខ្លួន បន្ទាប់ពីឃើញឡើង ទៅអង្គុយលើដំបូលផ្ទះគេ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅតាមបណ្តោយផ្លូវលំ ក្បែរនឹងរបងសាលាបឋមសិក្សាទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យឈ្មោះ ពេជ្រ សំបូល អាយុ ១៧ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ឡើងទៅសំងំលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋជាន់ទី៣ ភ្លាមនោះម្ចាស់ផ្ទះប្រទះឃើញ ក៏ស្រែកថា ចោរៗ ទើបបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកដល់កន្លែងកើតហេតុ ឃើញជនសង្ស័យ មិនទាន់ធ្វើសកម្មភាពអ្វីនោះទេ ដោយគ្រាន់តែអង្គុយនៅលើដំបូលតែប៉ុណ្ណោះ។
ខណៈនោះប្រជាពលរដ្ឋ នៅក្នុងភូមិបាននាំគ្នាព្រួតវាយទៅលើជនសង្ស័យមួយដៃ មួយជើងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ហើយត្រូវសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសួរនាំតែម្តង។
ពេលសមត្ថកិច្ច ធ្វើការសាកសួរ ជនសង្ស័យបានប្រាប់ថា ខ្លួនស្រវឹងស្រា ហើយដើរលេង ស្រាប់តែមានគេដេញវាយ ភ័យពេកក៏រត់ឡើង ទៅលើដំបូលផ្ទះគេតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់