ព័ត៌មានជាតិ

រថយន្ត​ដឹកឈើ​បែក​កង់​រេ​ទៅបុក​របង​ផ្ទះ​ស្លាប់ និង​របួសធ្ងន់ ៣ នាក់​

​ខេត្ត​ក្រចេះ​៖ យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរ​ណ៍ មួយ​ដែល​បង្កឡើង ដោយ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដឹកឈើ​ជន្លង់ម្រេច​ពេញ​ព្រៀប បែក​កង់ រេ​ចង្កូត​ទៅបុក​ផ្ទប់​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០​ខែតុលា នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់​ចំនុច​ភូមិ​រោងចក្រ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​
ឈើ
​ប្រភពពី​នគរបាល​ចរាចរណ៍​ស្រុក​ស្នួល បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្ក​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​សរ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិសដៅ​ពី​ស្រុក​ស្នួល ឆ្ពោះ​ទៅ​ស្រុក​មេ​ម៉ត់ លុះ​មកដល់​ចំនុចកើតហេតុ រថយន្ត បាន​បែក​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ក៏​រេ​ចង្កូត​ទៅបុក​និង​របង​ផ្ទះ​តែម្តង ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​បានអោយដឹង​ទៀត​ថា ជនរងគ្រោះ​បាន​ស្លាប់​នៅ កន្លែង កើតហេតុ​ទីមួយ​ឈ្មោះ កែម អា​ត អាយុ​៤០​ឆ្នាំ និង​២​ឈ្មោះ កែម វ៉ាត អាយុ​៣៨​ឆ្នាំ ជា​អ្នកបើកបរ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្រ ទី​៣​ឈ្មោះ សន សុខ អាយុ​៤១​ឆ្នាំ បាន​រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំង​បី​នាក់​មាន​ទីលំនៅ ក្នុង​ភូមិ​សុវណ្ណ​គំ ឃុំ​កណ្តុល​ជ្រំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
​កម្លាំង​នគរបាល​បាន​ស្ទូច​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ចំណែក​សាកសព​ត្រូវបាន ប្រគល់​ទៅឱ្យ ក្រុមគ្រួសារ​ជនរងគ្រោះ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

មតិយោបល់