ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រាប់សិបគីឡូក្រាមនៅផ្សារក្រាំងដូង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត

ព្រះវិហារៈ យោងតាមផេករបស់ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារក្រាំងដូង និងតាមផ្ទះលក់ទំនិញនានា ក្នុងភូមិក្រាំងដូង-អន្លុងស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូច ចំនួន ៨៨ ដប ស្មើនឹង ៣៤ លីត្រ
-ទឹកផែ្លឈើ ចំនួន ១៦៤ ដប ស្មើនឹង ៤៨.៤២ លីត្រ
-ប័រ ចំនួន ១៤ កំប៉ុង ស្មើនឹង ១.១២ គីឡូក្រាម
-មីកញ្ចក់ ចំនួន ៩៦ កញ្ចក់ ស្មើនឹង ៥.៥៦៨ គីឡូក្រាម
-ស្ករគ្រាប់ចម្រុះ ចំនួន ០១ កេសធំ ស្មើនឹង ១០.៥០ គីឡូក្រាម
-នំធុង ចំនួន ០២ ធុង ស្មើនឹង ០៧ គីឡូក្រាម
-ដំណាប់ដូង ចំនួន ១០ កេស ស្មើនឹង ៧០ គីឡូក្រាម
សរុបចំនួន ៨២.៤២ លីត្រ និង៩៤.១៨៨ គីឡូក្រាម។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

 

មតិយោបល់