ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! មន្ត្រីជំនាញរកឃើញទឹកក្រូចចម្រុះ ខូចគុណភាព និងហួសកាលបរិច្ឆេទ

សៀមរាបៈ យោងតាមផេកមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារពួក ស្ថិតភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីជំនាញបានធ្វើតេស្ត រកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់លក់ក្នុងផ្សារបានចំនួន ៩គំរូមានដូចជា៖
-គុយទាវសរសៃតូច ២គំរូ។
-សណ្ដែកបណ្ដុះ ២គំរូ។
-គុយទាវបាញ់កាញ់។
-ប្រហិតសាច់គោ។
-ប៉ាតេ។
-ណែមសាច់ត្រី។
-ប្រហិតត្រី(ថៃ)។
ជាមួយគ្នានោះដែរ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ៖ ទឹកក្រូចចម្រុះ ចំណុះ ៣៣០ មីលីលីត្រ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៨កំប៉ុង ស្មើនឹង ៥.៩៤០លីត្រ។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើការដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលនៅពេលក្រោយតាមនីតិវិធី ព្រមទាំងការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់