ភ្នំពេញៈ ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈ គ្រាន់តែក្រឡេកឃើញកម្លាំងល្បាតរបស់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្ថែមល្បឿនម៉ូតូបើកគេច ផ្អើលកម្លាំងដេញតាម បើករត់ចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ចោលម៉ូតូ លោតផ្លោះរបង គេចទៅបាត់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ២នាក់ ជាមុខសញ្ញាតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិតាមផ្លូវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HL-2014 ជាស្លាកលេខ ដែលសមត្ថកិច្ចកំពុងតាមឃ្លាំមើលស្រាប់ផង ជិះតាមផ្លូវ ហើយគ្រាន់តែក្រឡេកឃើញ ជនសង្ស័យព្យាយាមបន្ថែមល្បឿនបើកម៉ូតូរត់គេច ហើយកម្លាំងប្រកាសតាមវិទ្យុទាក់ទង ឲ្យដេញតាមនិងពួនស្ទាក់ ជនសង្ស័យ បត់ត្រឡប់រត់ចូលក្នុងបរិវេណមន្ទីរពេទ្យបង្អែកពោធិចិនតុងទុកម៉ូតូចោល ផ្លោះរបងរត់គេចទៅបាត់ស្រមោល សមត្ថកិច្ច បានត្រឹមតែយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុកនៅផ្នែកជំនាញ និងបន្តការស្រាវជ្រាវ រកចាប់ខ្លួនជនសង្ស័យ ៕
មតិយោបល់