ព័ត៌មានជាតិ

ព្យាយាមដឹកឈើប្រណីតលោតឆត្រ តែគេចមិនផុតពីមន្ត្រីជំនាញ

ស្ទឹងត្រែង: រថយន្តកាម៉ារីគូដស្វិត ពណ៌សរ គ្មានស្លាកលេខ មួយគ្រឿងត្រូវបានមន្រ្ដីជំនាញផ្នែករដ្ឋបាលព្រៃឈើឃាត់បានកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ខេត្តស្ទឹងត្រែង។

ជំនាញបានឲ្យដឹងថា ការឃាត់រថយន្តខាងលើនេះ គឺដោយសារតែមានគេរាយការណ៍មកថា មានរថយន្តកាម៉ារីគូដស្វិតមួយដឹកឈើប្រណិត ពេញរថយន្ត។

បន្ទាប់ពីទទួលបានដំណឹងនោះភ្លាម មន្ត្រីជំនាញក៏បានដាក់កម្លាំងចាប្រមាញ់ស្ទាក់ចាប់រថយន្តនោះភ្លាមៗផងដែរ ប៉ុន្តែ ម្ចាស់រថយន្តត្រូវបានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។

ជំនាញបន្តថា ក្រោយការឃាត់រថយន្តបានរួចមកជំនាញបានអូសយករថយន្តនោះមកស្នាក់ការរដ្ឋបាលព្រៃឈើក្បាលរមាស ដើម្បីរាប់ចំនួននិងវាស់វែង។

ជំនាញបានបញ្ជាក់ថា រថយន្តដែលជំនាញឃាត់បានជាប្រភេទរថយន្តកាម៉ារីគូដស្វិត ពណ៌ សរ ផលិតឆ្នាំ១៩៩១ គ្មានស្លាកលេខ ហើយនៅក្នុងរថយន្តខាងលើបានផ្ទុកឈើប្រណិតប្រភេទ(ធ្នង់) មានចំនួន ៥៨ដុំ ស្មើនឹង ០,៥៥៨ម៉ែត្រគូប។

បច្ចុប្បន្ន រថយន្តដឹកឈើខាងលើត្រូវបានជំនាញអូសយកមករក្សាទុកនៅក្នុងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ដើម្បីកសាងសំណុំរឿងចាត់ការតាមនីវិធី៕

មតិយោបល់