កំពង់ឆ្នាំងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយនឹងម៉ូតូពីក្រោយពេញទំហឹង បណ្ដាលបុរសម្នាក់ស្លាប់ ភ្លាមៗ កាលពីវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៩៦ និង៩៧ ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ មានឈ្មោះ ប៉ាត់ ថន អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1A6558 ទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តបង្កមិនត្រូវបានគេស្គាល់ម៉ាកនោះឡើយ ក្រោយពេលកើតហេតុ បានបើករត់គេចខ្លួនបាត់តែម្ដង ប៉ុន្ដែ នៅកន្លែងកើតហេតុ គេបានរកឃើញកាងរថយន្តខាងមុខ មានស្លាកលេខភ្នំពេញ2M4252 ។
សមត្ថកិច្ច បានបន្ដថា នៅមុនពេលកើតហេតុគេមិនដឹងថា ជនរងគ្រោះជិះម៉ូតូចេញពីខាងណាមកនោះឡើយ ដោយគ្រាន់តែដឹងថា នៅលើផ្លូវជាតិលេខ៥ ហើយត្រូវបានរថយន្តបុក បណ្តាលឲ្យស្លាប់ ខណៈដែលគេមិនដឹងអត្តសញ្ញាណរបស់រថយន្ត បានបើករត់គេចខ្លួនបាត់ ហើយសាកសពឃើញដេកស្លាប់នៅកន្លែងកើតហេតុ ម៉ូតូរងការខូចខាតទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងធ្វើការពិនិត្យ ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូប្រគល់ឲ្យគ្រួសារសព។ ដោយឡែកកាងខាងមុខរបស់រថយន្តដែលមានជាប់ស្លាកលេខត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់