ព័ត៌មានជាតិ

បាឡែនបុកម៉ូតូពេញទំហឹង ស្លាប់២នាក់ រងរបួសធ្ងន់៣នាក់

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូ បណ្តាលឲ្យម្តាយ និងកូនស្រី ទើបតែមានអាយុ២ឆ្នាំស្លាប់ យ៉ាងអាណោចអាធ័ម ចំណែកកូន៣នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខវត្តតាសែន ក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហ្វីណូ ពណ៌ស គ្មានស្លាកលេខ ដែលមានអ្នកជិះសុទ្ធសឹងតែជាកូនក្មេងទាំងអស់ ដោយគ្រាន់តែមានស្ត្រីម្នាក់ ជាអ្នកឌុបបានធ្វើដំណើរ ចេញពីច្រកក្នុងវត្តតាសែនឆ្ពោះឡើងទៅលើផ្លូវជាតិ មកដល់លើផ្លូវធំភ្លាម ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-0199 ដែលកំពុងបោះពួយយ៉ាងលឿន នៅលើផ្លូវជាតិក្នុងទិសដៅពីលិចទៅកើត ហើយបានបុកទៅលើម៉ូតូនោះ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកដែលជិះនៅលើម៉ូតូទាំងអស់ ត្រូវប៉ើងធ្លាក់ចេញពីផ្លូវទៅលើទ្រូងថ្នល់ និងព្រៃក្បែរផ្លូវ យ៉ាងរន្ធត់ រថយន្តបានក្រឡាប់ផ្ងារជើង។

ក្រោយកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះទៅ ដើម្បីត្រួតពិនិត្យ គឺសង្កេត ឃើញថា អ្នកបើកបររថយន្តបានលូនចេញហើយរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយឡែកជនរងគ្រោះដែលជាភាគីខាងម៉ូតូនោះ គឺស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ ចំនួន៣នាក់ ដែលជាកុមារតូចៗ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។

អ្នកដែលស្លាប់មានឈ្មោះ គង់ សុខវ៉ាន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្បែរចំណុច កើតហេតុខាងលើ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ម៉ាន់ ដាណេ ត្រូវជាកូនស្រី អាយុ២ឆ្នាំ ក៏ស្លាប់ជាមួយម្តាយដែរ រីឯក្មេងៗ៣នាក់ទៀត គឺត្រូវជាកូនផង និងក្មួយផងដែរ។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងសងខាង ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកកំរៀង ដោយឡែកសពម្តាយ និងកូនស្រី ក៏ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់