ភ្នំពេញ ៖ ជនសង្ស័យចំនួន១៨នាក់ក្នុងចំណោមនោះមានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពខុសច្បាប់បង្កឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា ត្រូវបាននគរបាលខណ្ឌកំបូល បង្ក្រាបចាប់ខ្លួន ខណៈពួកគេស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង១៨នាក់ ក្នុងនោះ១៧នាក់ជាព្រះសង្ឃក្លែងក្លាយ និង០១នាក់ជាអ្នកបើករថយន្ត ត្រូវបាននគរបាលខណ្ឌកំបូលចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលខណ្ឌកំបូលបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថាមានមនុស្សមួយក្រុមបានមកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ ។
លោកវរសេនីយ៍ទោបន្តថា ក្រោយពីទទួលព័ត៌មាននោះ លោកអធិការនគរបាលខណ្ឌកំបូល ក៏បានចាត់កម្លាំងចុះតាមដានស្រាវជ្រាវអំពីសកម្មភាពមុខសញ្ញាជនសង្ស័យ ។ នៅថ្ងៃខាងលើជនសង្ស័យ១០នាក់ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀតជាអ្នកបើករថយន្តត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡាដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ កម្លាំងនគរបាលខណ្ឌកំបូលក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត ។ ជនសង្ស័យជាសង្ឃក្លែងក្លាយបន្ទាប់មកត្រូវបាន ព្រះអនុគុណខណ្ឌកំបូលបានចាប់ផ្សឹកពួកគេហើយ ប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនេះផងដែរ មាន០៧នាក់បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀន ។
លោកអធិការរងប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដោយក្នុង០១ថ្ងៃពួកគេរៃអង្គាសប្រាក់បានពី៨ម៉ឺនទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះម៉េង តម្រូវបង់ឱ្យគេក្នុង០១នាក់ពី៣ម៉ឺនទៅ៣ម៉ឺ៥ពាន់រៀលក្នុង០១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មានទៀតគឺពួកខ្លួន យកមកចាត់ចែងចាយវាយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង១៨នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់