ព័ត៌មានជាតិ

រថយន្តពីរបាំង ១គ្រឿង បោះពួយយ៉ាងលឿន ទៅពន្លះបង្គោលភ្លើង ហើយព្យាយាមបើករត់ទាំងរងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង ត្រង់ចំណុចខាងមុខសាលាបឋមសិក្សានាគវ័ន្ត ស្ថិតតាមបណ្ដោយផ្លូវ១៣២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ភ្លាមៗនោះរថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចមូលដ្ឋាន ឃើញទាន់ ទើបធ្វើការស្ទាក់ចាប់បាន នៅតាមបណ្ដោយផ្លូវ២២១ កែងនិងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកMITSUBISHI ប្រភេទ២បាំង ពណ៌កាប់ស្តាំង ពាក់ស្លាកលេខរដ្ឋ172-0469។ បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ១៣២ ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងថ្ម មួយដើម បណ្ដាលឲ្យរថយន្ដរងការខូចខាត ក្រពឹតនិងដាច់ក្រឡេកង់ខាងមុខ ចំហៀងខាងស្តាំ ចំណែកឯបង្គោលភ្លើង ពុំរងការខូចខាតនោះទេ។
ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក ក៏បានព្យាយាមបើករថយន្តរត់គេចខ្លួន ចេញពីកន្លែងកើតហេតុទាំងរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់ក្បែរកន្លែងកើតហេតុ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ ប៉ុន្តែខណៈដែលបើករត់ទៅដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋាន ដែលកំពុងជិះល្បាតបានប្រទះឃើញ រួចក៏ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត នាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការសាកសួរ។

ក្រោយពេលកើតហេតុរថយន្តបង្ក រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់