ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កកង់បី ត្រូវសមត្ថកិច្ច វាយខ្នោះ

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបទលួច (លួចម៉ូតូរ៉ឺម៉កកង់បី) ប្រព្រឹត្តនៅចំណុចមុខការដ្ឋាន សំណង់ផ្ទះលេខ ១៣៥ ផ្លូវលេខ៥២៤ ក្រុម៥០ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មិ សិលា ហៅខ្លា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖
១-ម៉ូតូ០១គ្រឿងម៉ាក Suzuki Smash ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AF-8786 និងកន្ទុយ រ៉ឺម៉ក កង់បីមួយពណ៌លឿង (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យលួច បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ)។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់