សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី នៅចំណុចហាង COZY BAR ស្ថិតនៅភូមិ មណ្ឌល ១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនសង្ស័យឈ្មោះ YVES GRAVAL ភេទ ប្រុស កើតថ្ងៃទី ១០ ខែមករា ឆ្នាំ១៩៦៧ ជនជាតិ កាណាដា មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះចំនួន ០២ដៃ បណ្តាលឲ្យរងរបួសបែកចិញ្ចើមខាងឆ្វេង និងមាត់ត្រូវបានសមត្ថកិច្ច ជួយអន្តរាគមន៍ និងនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ LICARDO ZORAN ភេទប្រុស កើតថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៧២ ជនជាតិ ស្លូវ៉ានៀ កាន់លិខិតឆ្លងដែនលេខ PB១២៦៤៧៥៩ មុខរបរ បុគ្គលិកលក់សំបុត្រយន្តហោះ ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមចម្លើយសារភាពរបស់ជនបង្ក បាននិយាយថា:ជនរងគ្រោះជេរប្រពន្ធរបស់ខ្លួន ហើយជនសង្ស័យក៏ខឹង និងស្ទុះទៅវាយតែម្តង។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់