ភ្នំពេញៈ រថយន្តដឹកប្រេងគេចដើមឈើ ត្រូវម៉ាស្តាបុកបញ្ឆិត បែកកង់ ខណៈហ៊ីយ៉ាន់ដាយមកពីក្រោយ បុកគូទបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នាវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតលើមហាវិថីឈ្នះឈ្មះ ក្នុងភូមិពោធិ៍សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដឹកប្រេងទី១ មិនស្គាល់ស្លាកលេខ និងរថយន្តទី២ម៉ាក ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ 9705 បែកកង់មុខខាងស្តាំ និងខូចខាតកំណាត់ក្រោយយ៉ាងដំណំ និងរថយន្តទី៣ ម៉ាកហ៊ីយ៉ាន់ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ កំពងចាម 3A-4345។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំងបីគ្រឿង បើកស្របទិសគ្នាពីជើងទៅត្បូង ដោយរថយន្តដឹកប្រេង មិនចាំម៉ាកនិងស្លាកលេខ បានបើកពីមុខ ខាងស្តាំដៃរថយន្តម៉ាស្តា និងហ៊ីយ៉ាន់ដាយ បើកពីក្រោយ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តដឹកប្រេងបានគេចដើមឈើ ដែលនៅខាងស្តាំដៃ បណ្តាលរថយន្តម៉ាស្តា ដែលបើកពីក្រោយបុកបែកកង់មួយគ្រាប់ ភ្លាមៗនោះស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ បើកពីក្រោយអកហ្សើ បុកគូទរថយន្តម៉ាស្តា រងការខូចខាតយ៉ាងដំណំតែម្តង។
ភ្លាមៗនោះ រថយន្តដឹកប្រេង បានបើកចេញពីកន្លែងកើតហេតុ ទៅបាត់បន្សល់ទុកតែរថយន្តម៉ាស្តា និងហ៊ីយ៉ាន់ដាយដោះស្រាយគ្នាបន្ត។
ក្រោយកើតហេតុ រហូតដល់ម៉ោងជាង៥ល្ងាចថ្ងៃដដែល ភាគីទាំងពីរជជែកគ្នាមិនត្រូវ ទើបសមត្ថកិច្ចជំនាញ យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យ ដើម្បីដោះស្រាយតាមច្បាប់៕
មតិយោបល់