ព័ត៌មានជាតិ

ទៅយកមិត្តភក្តិ មិនទាន់ដល់ផង ត្រូវក្រុមជនសង្ស័យវាយប្លន់

ភ្នំពេញៈ កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងខាងក្រោយវត្តភ្នៀត ក្នុងភូមិស្នោលិច សង្កាត់ស្នោ ខណ្ឌកំបូល បុរសម្នាក់ បានជិះម៉ូតូទៅយកមិត្តភក្តិ មកលេងផ្ទះរបស់ខ្លួន លុះជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវក្រុមជន មិនស្គាល់មុខ ដេញវាយប្លន់ បណ្តាលឲ្យដួលម៉ូតូ ចូលភក់ហើយក្រុមជនសង្ស័យ បានព្រួតវាយបុរសរងគ្រោះ រងរបួសបែកក្បាល តែយកម៉ូតូមិនបាននោះទេ។

ជនរងគ្រោះឈ្មោះ ឡុច សុខលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលលាត់ សង្កាត់កំបូល ខណ្ឌកំបូល ជិះម៉ូតូមួយគ្រឿង ម៉ាកសង់បិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BT-4078។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូខាងលើ ទៅយកមិត្តភក្តិ នៅឯជិតភ្នំបាសិត ដើម្បីឌុបមកលេងនៅផ្ទះរបស់ខ្លួន។ លុះពេលជនរងគ្រោះ ជិះម៉ូតូបានពាក់កណ្តាលផ្លូវ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច មកពីក្រោយទន្ទឹមនឹងជនរងគ្រោះដែរ ហើយបានយកមួកសុវត្ថិភាព វាយគាត់ បណ្តាលឲ្យដួលម៉ូតូ ចូលភក់ហើយជនសង្ស័យ បានដេញវាយគាត់រត់ចោលម៉ូតូ។

បន្ទាប់មកជនរងគ្រោះ ក៏រត់មកយកម៉ូតូវិញ តែត្រូវជនសង្ស័យទាំង២នាក់ បានយកដំបងដេញវាយគាត់ទៀត បណ្តាលឲ្យគាត់បែកក្បាលរងរបួសធ្ងន់ ពេលនោះ ជនរងគ្រោះ បានស្រែកថា ចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងប្រជាការពារ ដែលយាមនៅជិតវត្ត នាំគ្នាមកជួយ និងដេញតាមក្រុមជនសង្ស័យ តែមិនទាន់ពួកគេបាន ជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋឃើញជនរងគ្រោះ ប្រឡាក់សុទ្ធតែភក់ និងរងរបួសផងនោះ ក៏បានទាក់ទងទៅក្រុមគ្រួសារ ដើម្បីដឹកជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅនគរបាលប៉ុស្តិ៍ស្នោ រង់ចាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង និងប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ៕

មតិយោបល់