ភ្នំពេញៈ ម្ចាស់រថយន្ត រវល់ចុះទិញកាតទូរស័ព្ទ មិនបានចុចឡក់សោកញ្ចក់ ក៏ជនសង្ស័យ២នាក់ លួចទូរស័ព្ទ៣គ្រឿង ទៅសំងំលាក់ខ្លួន តែគេចមិនរួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ កាលពីវេលាម៉ោង១២ និង៥នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះចន្ថា ពងទា ភេទប្រុសអាយុ៣១ឆ្នាំ និងទី២ឈ្មោះ សេង មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនសង្ស័យទាំងពីរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទូរស័ព្ទទាំងបីគ្រឿងទី១ ម៉ាកអាយហ្វូនអ៊ិចម៉ែក និងម៉ាក Iphone XR២គ្រឿង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាម្ចាស់ រថយន្តម៉ាក Range Rover បានចតរថយន្តនៅកន្លែងខាងលើ រួចចុះទៅទិញកាតទូរស័ព្ទ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងចតទេ ដោយដើរចេញមិនបានចុចឡក់សោកញ្ចក់រថយន្តទេ ហើយនៅក្នុងរថយន្ត មានទូរស័ព្ទបីគ្រឿងខាងលើ។
ខណៈត្រឡប់មកវិញ មិនឃើញទូរស័ព្ទ ក៏ផ្អើលឆោឡោ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះ ប្រាប់ថា ឃើញមុខសញ្ញាជនសង្ស័យខាងលើ មកក្រវែល ទើបសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍បង្ក្រាបបានតែម្តង។
ក្រោយឃាត់ខ្លួន យកមកសាកសួរជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាលួចទូរស័ព្ទខាងលើប្រាកដមែន ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់