ព័ត៌មានជាតិ

បើកម៉ូតូរេចង្កូតទៅបុកជាមួយត្រាក់ទ័របណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់

ព្រៃវែង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២និង៥០នាទី លើផ្លូវលំក្រាលកៅស៊ូ ចំនុចភូមិស្វាយ( ខ ) ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូ និងត្រាក់ទ័របើកបញ្ច្រាសទិសគ្នា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP 4307 បើកបរដោយឈ្មោះ ជឿន ប៊ុនថា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិខ្យា ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ( មានពាក់មួកសុវត្ថិភាព ) រងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ទៀត ៖ ទី១.ឈ្មោះ ប៊ុនថា សុនីតា ភេទស្រី អាយុ ១០ឆ្នាំ ជាកូន រងរបួសស្រាល ។ ទី២.ឈ្មោះ ប៊ុនថា ស្រីកា ភេទស្រី អាយុ ៥ឆ្នាំ ជាកូន រងរបួសធ្ងន់ ធ្វើដំណើរពីជើងមកត្បូង លុះដល់កន្លែងកើតហេតុ ម៉ូតូបានជ្រុលចង្កូតទៅបុកជាមួយ ត្រាក់ទ័រ ១គ្រឿង ពណ៌ក្រហម បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។

ក្រោយពេលកើតហេតុ អ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួនបាត់ ។ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង ។ ចំពោះវត្ថុតាងម៉ូតូ និងត្រាក់ទ័រសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់