ស្វាយរៀងៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២និង១០នាទីរសៀល នៅកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីឃាតកម្មដែលបណ្តាលឲ្យស្ត្រីជាជនជាតិវៀតណាមម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមក្រោយពីបុរសជាជនជាតិវៀតណាមម្នាក់បានយកកាំបិតកៃចាក់ទៅលើស្ត្រីរងគ្រោះត្រូវចំនួន២កាំបិត។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចឹង វៀងហុន អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រមាន ទីលំនៅភូមិថាំងឃុំង៉ែភុក ស្រុកតាំងគឺ ខេត្តង៉ៃអាង បានយកកាំបិតកៃចាក់ទៅលើឈ្មោះជិន ធីធូភឿង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅភូមិមីធៀង ឃុំមីធៀង ស្រុកចូវភូ ខេត្តអាងយ៉ាង ត្រូវចំចង្កា១កាំបិតនិងចំដោះខាងឆ្វេង១កាំបិតបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសពតម្កល់ទុកនៅវត្តពោធិថ្មីស្ថិតក្នុងភូមិច្រកលាវសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងរីជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់