ព័ត៌មានជាតិ

គ្រាន់តែសួរនាំធម្មតាសោះ ស្ទុះយកកាំបិតប្រុងអា.កគេ ប៊ិះទៅហើយ

កណ្ដាល: កាលពីវេលាម៉ោង ១៨និង២៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កហិង្សា ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ពេញ វ៉ាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។
ជនរងគ្រោះឈ្មោះ ថុល ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ។ ទាំង២នាក់ រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖ កាំបិតផ្គាក់កកុកប្រវែង ៧៨សង់ទីម៉ែត្រ ដងធ្វើពីឬស្សីប្រវែង ៥៣សង់ទីម៉ែត្រ និងផ្លែដែកប្រវែង ២៥សង់ទីម៉ែត្រ ចំនួន១។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ ព្រមទាំងបក្ខពួក ៦នាក់ទៀត ផឹកស្រាជាមួយគ្នា នៅផ្ទះរបស់ឈ្មោះ ខឿន លុះផឹកស៊ីរួចហើយ ក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដោយពុំមានទាស់ទែងពាក្យសម្ដីអ្វីឡើយ មួយសន្ទុះក្រោយមក ជនរងគ្រោះឃើញជនសង្ស័យអង្គុយនៅមុខផ្ទះអ្នកលក់ចាប់ហួយមួយកន្លែង ក៏សួរជនសង្ស័យថា បងមិនទៅផឹកទៀតទេឬ ស្រាប់តែជនសង្ស័យ ស្ទុះយកកាំបិតមកភ្ជុង ក.ជនរងគ្រោះបម្រុងអារ.ក ភ្លាមនោះជនរងគ្រោះ ភ័យបានរើបម្រាស់ចេញដោយប្រតាយប្រតប់គ្នា បណ្តាលឲ្យត្រូវជនរងគ្រោះដាច់ស្បែកត្រង់ក ផ្នែកខាងស្តាំប្រវែង ៨,៥សង់ទីម៉ែត្រ បន្ទាប់ពីរើរួចជនរងគ្រោះ បានរត់ទៅប្តឹងសមត្ថកិច្ចឲ្យចុះអន្តរាគមន៍ ។

ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ។

បញ្ជាក់៖ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារ កាលពីឆ្នាំ២០០៤ រយ:ពេល១២ឆ្នាំ ករណីមនុស្សឃាតនៅស្រុកលើកដែក៕

មតិយោបល់