ព័ត៌មានជាតិ

កុំចេះតែហ៊ាន ឲ្យតែសត្វ កុំចេះតែឆី ប៉ះសត្វមិនប្រក្រតី ឆីដាច់សង្ខារ

បាត់ដំបងៈ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីពុលសត្វល្អិតស្លាប់ម្នាក់នៅក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ គីម សាគី អាយុ ៤១ ឆ្នាំ មានប្តីឈ្មោះ រុណ សម្បត្តិ និងមានកូននៅក្នុងបន្ទុកចំនួន ២ នាក់ ។ មូលហេតុដោយសារតែស្ត្រីរងគ្រោះបានទៅបេះស្លឹកអង្គាដីមកស្លរបានឃើញសត្វជាច្រើនបានចោមរោមនៅទីនោះ គាត់ក៏ចាប់សត្វទាំងនេះមកចម្អិនហើយនាំក្មួយបរិភោគ ក្មួយបរិភោគហើយក៏ប្រាប់គាត់ថា សត្វនេះល្វីងណាស់ គាត់ឆ្លើយតបវិញថាមានអីឆ្ងាញ់តើ ហើយគាត់ក៏ចេះតែបរិភោគបន្តទៀត ប៉ុន្តែក្មួយរបស់គាត់ ញាំខ្ជាក់ៗ ដោយមិនបានលេបចូលក្នុងពោះនោះទេ ។
ក្រោយពីបរិភោគរួចគាត់មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ស្របពេលនោះប្តីគាត់ក៏មកដល់ បានដឹងរឿងហើយក៏ប្រញាប់ជូនប្រពន្ធទៅពេទ្យភ្លាម ពេលទៅដល់ពេទ្យស្ត្រីរងគ្រោះបានក្អួតមកសុទ្ធតែឈាម ហើយអណ្តាត ដាច់មកទាំងដុំៗ ពេទ្យបានប្រាប់ថាហួសពេលបាត់ទៅហើយ ព្រោះពិសចូលពេញបេះដូងរបស់គាត់ ទោះបីដាក់ថ្នាំក៏អត់មានប្រសិទ្ធិភាពដែរ ក្រោយមកស្ត្រីជាជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ៖ ពួកគាត់ (ប្តី-ប្រពន្ធ)ទើបតែមកពីធ្វើការនៅប្រទេសថៃ បានមកលេងស្រុកកំណើតជួបជុំគ្រួសារញាតិមិត្តនៅរដូវភ្ជុំបិណ្ឌនេះ ដោយគាត់បានឃើញប្រជាជនថៃគេចម្អិនសត្វគ្រប់មុខអាចបរិភោគបាន ទើបគាត់ហ៊ាន បណ្តាលអោយគាត់រងគ្រោះដល់ស្លាប់តែម្តង ៕

 

មតិយោបល់