រតនគិរីៈ ស្ត្រីម្នាក់បានសម្រេចចិត្តប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះនៅចំណុចភូមិកំពង់ចាម ឃុំបាក់កាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
សមត្ថកិច្ចស្រុកវ៉ើនសៃបានឲ្យដឹងថា នារីដែលធ្វើអត្តឃាតឈ្មោះ នួន សម្ផស្ស (ហៅដា) ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅ(លីវ)មានស្រុកកំណើត នៅភូមិក្រាំថ្កូវ ឃុំប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត មកលេងផ្ទះមិត្តភក្តិឈ្មោះ កេះ សឿ នៅភូមិ ឃុំកើតហេតុខាងលើ។
បើតាមការបំភ្លឺពីមិត្តភក្តិរបស់នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុឃើញនារីរងគ្រោះ បាននិយាយទូរស័ព្ទទៅរកមិត្តភក្តិផ្សេងទៀត ក៏ប៉ុន្តែមិនដឹងថា ប្រុសឬស្រីនោះទេ។
ប្រភពដដែលបន្តថា ក្នុងពេលនិយាយទូរស័ព្ទនោះនារីរងគ្រោះឈ្លោះ គ្នាយ៉ាងខ្លាំង ស្រាប់តែកន្លះម៉ោងក្រោយមកបានចូលក្នុងបន្ទប់ដេក ក៏លេបថ្នាំងងុយដេកជាង២០គ្រាប់ប៉ុនប៉ងសម្លាប់ខ្លួនតែម្តង ឃើញសភាពការណ៍បែបនេះ ត្រូវបានមិត្តភក្តិរបស់នាង និងអ្នកភូមិដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីជួយសង្គ្រោះបន្ទាន់។
បើតាមសម្តីគ្រូពេទ្យបង្អែកខេត្តបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះពេលនេះត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ដោយនាងបានលេបថ្នាំងងុយដេកអស់ជាង២០គ្រាប់៕
មតិយោបល់