ព័ត៌មានជាតិ

ពលរដ្ឋព្រួយបារម្ភពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កើតមានរាល់ថ្ងៃ លើកំណាត់ផ្លូវជាតិលេខ៦

កំពង់ធំៈ មួយរយៈកន្លងមក និងបច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរ បានកើតមានស្ទើរជារៀងរាល់ថ្ងៃ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលធ្វើប្រជាពលរដ្ឋសំណូមពរ សុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចនគរបាលសណ្ដាប់ធ្នាប់ ជួយទប់ស្កាត់ តាមមធ្យោបាយផ្សេងៗ ដូចជា តាមបែបអប្បិយជំនឿជាដើម ចំណែកនគរបាលចរាចរណ៍ ដែលដាក់តាមគោលដៅ លើកំណាត់ផ្លូវជាតិសព្វថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា អនុវត្តច្បាប់ ផាកពិន័យច្រើនជាងការទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរនីមួយៗ ដែលបានកើតឡើង គឺបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ជាមួយគ្នានឹងសោកនាដកម្ម គួរឲ្យសង្វេគ ចំណែកសមត្ថកិច្ចនគរបាលចរាចរណ៍វិញ ឃើញតែដាក់កុងត្រូល ហៅផាកយានយន្តតែប៉ុណ្ណោះ ដូចជាម៉ូតូមិនមានស្លាកលេខ និងអ្នកអង្គុយកៅអីខាងមុខ ក្នុងរថយន្តភ្លេចពាក់ខ្សែក្រវ៉ាត់ជាដើម ។ល។

ប្រជាពលរដ្ឋខ្លះនាំភ័យខ្លាច នឹងមិនហ៊ានឲ្យកូនជិះម៉ូតូ ឬកង់មកសាលារៀនទៀតផង ជា ពិសេសនៅម៉ោងរៀនគួរ នៅពេលយប់ ហើយកត្តាដែលបង្កឲ្យករណីចរាចរកើតឡើងស្ទើរពុំលួស ថ្ងៃនេះ គឺពួកគាត់ឃើញជាក់ស្ដែង គឺអ្នកបើកស្រវឹង វ៉ាជែងមិនគោរពច្បាប់ បត់កៀរ ពីមុខភាគីម្ខាង និងបើកល្បឿនលើសច្បាប់កំណត់ ។

ប្រជាពលរដ្ឋទាំងនោះ បានសំណូមពរ សុំលោកអភិបាលខេត្ត និងលោកអភិបាលស្រុក មេត្តាមានវិធានការយ៉ាងណាទប់ស្កាត់ ឬកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រសន្ទុក និងបារាយណ៍នេះផង ដូចជាផ្ដើមគំនិតធ្វើបុណ្យបណ្ដេញគ្រោះចង្រៃ តាមបែបអប្បិយជំនឿជាដើម៕

មតិយោបល់