តូក្យូ៖ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Panasonic នៅថ្ងៃសុក្រ ទី២០ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះបានប្រកាសឲ្យដឹងពីផែនការលក់នូវភាគហ៊ុនក្នុងទ្រង់ទ្រាយធំនៃរោងចក្រផលិតឈីបចំនួន៣ទៅឲ្យក្រុមហ៊ុនផលិតឈីបរបស់អ៊ីស្រាអែល ដើម្បីកាត់បន្ថយការខាត់បងក្នុងការប្រតិបត្តិ។

ក្រុមហ៊ុនអេឡិចត្រូនិកនេះបាននិយាយថា ក្រុមហ៊ុនថ្មីដែលកើតឡើងក្រោយពីលក់ភាគហ៊ុននោះមានឈ្មោះថា Tower Semiconductor ដែលកើតចេញពីការរួមបញ្ចូលគ្នានូវរោងចក្រទាំងបី រួមមាន Uozu, Tonami និង Arai ដែលនឹងចាប់ដំណើរការនៅខែមេសា ឆ្នាំ ២០១៤។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន បន្ទាប់ពីបិទទីផ្សារភាគហ៊ុន។
បើតាមការឲ្យដឹងបន្ថែម ក្រុមហ៊ុននេះគឺមានភាគហ៊ុនរបស់ក្រុមហ៊ុនអ៊ីស្រាអែលចំនួន ៥១ភាគរយ ដែលត្រូវបានគេស្គាល់ឈ្មោះថា TowrJazz ចំណែក ៤៩ភាគរយទៀតជារបស់ក្រុមហ៊ុន Panasonic។
ដោយឡែក ក្រុមហ៊ុន Panasonic បាននិយាយថា ខ្លួននឹងបិទរោងចក្រមួយផ្សេងទៀតនៅក្នុងតំបន់អូកាយ៉ាម៉ា ស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងខែមីនា ឆ្នាំ ២០១៤។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនមានផែនការច្បាស់លាស់ក្នុងការបិទរោងកច្រ និងការកាត់បន្ថយបុគ្គលិក ហើយអ្វីដែលយើងធ្វើឡើងគឺមិនឲ្យខុសពីច្បាប់ការងារនោះទេ។ នៅពេលនេះ ក្រុមហ៊ុនកំពុងតែកែច្នៃស្ថានភាពក្រុមហ៊ុនឲ្យមានតុល្យភាព បន្ទាប់ពីជួបការខាតបង់អស់រយៈពេល ២ឆ្នាំ។
នៅមុននេះ ក្រុមហ៊ុន Panasonic បានសម្រេចចិត្តរួចរាល់ហើយក្នុងការបញ្ឈប់អាជីវកម្មស្មាតហ្វូន និងទូរទស្សន៍ Plasma។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនបានបង្កើតនូវការព្យាករប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០១៣ ទ្វេដង ចាប់ពីខែមីនា ថានឹងមានចំនួន ១០០ពាន់លានយ៉េន៕
មតិយោបល់