ឧត្ដរមានជ័យៈ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១២និង១០នាទី នៅចំណុចបន្ទប់ខាងលិចកុដិចៅអធិការវត្តគិរីមង្គល ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានករណីមនុស្សឈឺស្លាប់។
ជនរងគ្រោះឈ្មោះ ជា ជូ ភេទស្រី អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិច្រេស ឃុំត្រពាំងរុន ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ កម្លាំងជំនាញការិយាល័យខេត្ត និង នឹងគ្រូពេទ្យពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសព មានដូចខាងក្រោម៖
– ស្ថានភាពកន្លែងកើតហេតុ៖ ស្ថិតនៅក្នងបន្ទប់ថ្ម ទំហំ២×៣M កំពស់៤M សង់ផ្ទាល់ដី មានទ្វារបែរទៅទិសខាងត្បូង ។
– ស្ថានភាពសាកសព៖ អង្គុយឱបពោះផ្កាប់មុខទៅទិសខាងកើត ពាក់អាវក្នុងវាលឃ្លៀក ពណ៌ខ្មៅមានផ្កា អាវក្រៅ ពណ៌សឆ្នូត ដៃខ្លី ស្លៀកខោក្រណាត់ជើងវែង ពណ៌សូកូឡាមានផ្កាស មានពាក់ខ្សែចង្កេះ ០២ខ្សែ មានស្នាមចេញឈាមតាមច្រមុះ និងនៅលើក្បាល រាងកាយពុំមានស្លាកស្នាមរបួសអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ ។
យោងតាមការបំភ្លឺពីចៅអធិការវត្ត ព្រះនាម ពេជ្រ បួយ ព្រះជន្ម ៣៣ឆ្នាំ ស្នាក់នៅក្នុងវត្តគិរីមង្គលអូរស្មាច់បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៨ មានឈ្មោះ ភារុណ ភេទប្រុស រស់នៅភ្នំពេញ បាននាំម្តាយឈ្មោះ ជា ជូ (ជាមនុស្សមានជម្ងឺ និងមានស្មារតីមិនប្រក្រតី) មកស្នាក់នៅក្នុងវត្ត ដើម្បីឲ្យលោកជួយព្យាបាលជម្ងឺតាមបែបអបិយជំនឿ តែដោយស្ថានភាពជម្ងឺមិនប្រែប្រួល លោកក៏បានឲ្យឈ្មោះ ភារុណ ជូនម្តាយគាត់ទៅព្យាបាលនៅពេទ្យសុរិន្ទ ប្រទេសថៃ តែស្ថានភាពជម្ងឺគាត់នៅតែដដែល ព្រោះគាត់មិនព្រមលេបថ្នាំតាមកំណត់ពេទ្យក្រោយមក នៅខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ភារុណ ក៏បានត្រឡប់ទៅធ្វើការនៅភ្នំពេញវិញ ដោយទុកម្ដាយគាត់ឲ្យស្នាក់នៅក្នុងវត្ត និងបានផ្តាំផ្ញើឲ្យលោកជួយមើលថែផង លុះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១និង៣០នាទី លោកបានប្រើកូនសិស្សឲ្យយកបាយទឹកទៅជូន ឈ្មោះ ជា ជូ ដូចសព្វមួយដង បានបន្តិចស្រាប់តែឃើញកូនសិស្សគាត់រត់ត្រឡប់មកវិញហើយប្រាប់ថា យាយជាជូ មិនស្រួលហើយ ឃើញគាត់អង្គុយ ផ្កាប់មុខផ្អែកជញ្ជាំង ហៅក៏មិនឆ្លើយដៃជើងរឹងអស់ហើយឮដូច្នោះលោកក៏រត់ទៅមើលនិងបានដឹងថាឈ្មោះ ជា ជូ បានស្លាប់បាត់ទៅហើយបន្ទាប់មកលោកក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់។
ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យ៖ ជនរងគ្រោះពិតជាស្លាប់ដោយសារ ជម្ងឺរលាកក្រពះធ្ងន់ធ្ងរ បណ្តាលឲ្យក្អួតឈាមស្លាប់ប្រាកដមែន ។
ក្រោយបញ្ចប់ការពិនិត្យ សពបានប្រគល់សាកសពជូនព្រះតេជគុណព្រះនាម ពេជ្រ បួយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់