ព័ត៌មានជាតិ

ម៉ាតលក់អីវ៉ាន់មួយកន្លែង នៅស្រុកអង្គស្នួល ត្រូវជនសង្ស័យជនជាតិចិន និងខ្មែរ៣ នាក់ ចូលលួច ប្រមូលយកទ្រព្យសម្បត្ដិអស់ជាច្រើន រួចគេចខ្លួនបាត់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ម៉ាតលក់អីវ៉ាន់មួយកន្លែងយីហោ ផ្សាទំនើបសុខភមង្គល នៅស្រុកអង្គស្នួល ត្រូវបានក្រុមជនសង្ស័យជនជាតិចិន និងខ្មែរ៣នាក់ ប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពចូលលួច រួចប្រមូលយកទ្រព្យសម្បត្តិជាច្រើន រួចរត់គេចខ្លួនបាត់ស្រមោល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០នាទី ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១.ឈ្មោះ ចាង ឈានប៉ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនដីគោក មុខរបរលក់ដូរ និងទី២. ឈ្មោះ ហ្វ័ង ឈុនឆិង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនដីគោក មុខរបរលក់ដូរ ។ ជនរងគ្រោះទាំង២នាក់នេះ ត្រូវជាប្ដីប្រពន្ធនឹងគ្នា បច្ចុប្បន្នស្នាក់នៅក្នុងម៉ាត ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។ ដោយឡែក ជនសង្ស័យមានគ្នា៣នាក់ (មិនស្គាល់អត្តសញ្ញាណ) ជនជាតិចិន២នាក់ និងខ្មែរ១នាក់ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធ រៀបចំបិទទ្វារ ឯប្តីខ្លួននៅខាងក្រៅមុខផ្ទះ ស្រាប់តែជនសង្ស័យជនជាតិចិនម្នាក់ ដើរចូលទៅសួរទិញមី ហើយជនរងគ្រោះជាប្តីដើរចូលតាមក្រោយ ហើយជនសង្ស័យជនជាតិចិនម្នាក់ទៀត ក៏ដើរចូលមកតាម រួចភ្ជង់កាំភ្លើងខ្លី រីឯជនសង្ស័យទី៣ ជាខ្មែរ យកខ្សែអង្រឹងមកចាប់ប្តីចង និងយកស្កុតបិតមាត់ ហើយទៅចងដៃប្រពន្ធមកក្រោយ ទើបរើកកាយរកលុយ ខណ:បានលុយហើយ បានបន្តនាំប្រពន្ធ ទៅបន្ទប់ខាងលើរើ រកលុយទៀត ទើបចុះមកវិញកាត់ខ្សែកាមេរ៉ាសុវត្ថិភាព និងយកដុំហាតឌីសផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាពទាំងអស់ចេញទៅបាត់តែម្តង ។
ចំពោះករណីនេះ កម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់