ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូទៅមើលគេអុំទូក បែរជាជួបរឿងនឹកស្មានមិនដល់

កណ្ដាលៈ មានករណីអំពើហិង្សាមួយកើតឡើង នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៤៥នាទី ។

ជនរងគ្រោះ ៣នាក់៖
១/ឈ្មោះ យ៉ាន ស្រី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសស្រាល)។
២/ឈ្មោះ ប្រាជ្ញ បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
៣/ឈ្មោះ ប្រាជ្ញ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (របួសស្រាល)។ អ្នកទាំង៣ រស់នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន ៤នាក់៖
១/ឈ្មោះ ហៅ រតនៈ ហៅណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (គេចខ្លួន)។
២/ឈ្មោះ ផៃ សិរីរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (គេចខ្លួន)។
៣/ឈ្មោះ រឿន ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ឃាត់ខ្លួន)។
៤/ឈ្មោះ សាយ បារាំង ហៅយ៉ាំង ជនជាតិខ្មែរ មុខរបរកម្មករ (គេចខ្លួន) ។
ទាំង៤នាក់ រស់នៅភូមិ/ឃុំខាងលើ ។

សម្ភារៈខូចខាតរួមមាន៖ បែកកញ្ចក់ទ្វារឡានចំហៀងខាងស្ដាំ។
វត្ថុតាងដកហូតបាន៖ ដំបងឈើមូលចំនួន ៥ដើម បំណែកដុំឥដ្ឋប្រហោង ៣ដុំ និងដុំថ្ម ២ដុំ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ បានឌុបគ្នាទៅមើលគេអុំទូកនៅភូមិពាម ឃុំសំបួរមាស ពេលទៅដល់ការអុំទូកបានចប់ អ្នកទាំងពីរក៏នាំគ្នាទៅមើលគេរាំធុងបាស់ មុខវត្តពាម រហូតដល់ម៉ោង ២០និង១០នាទី ស្រាប់តែជនសង្ស័យទី២ ដើរសំដៅមករកវាយជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏គេចចេញយកម៉ូតូជិះទៅផ្ទះវិញ។

លុះជិះមកដល់ការ៉ាស់សាំងឈ្មោះ សាំង ស៊ីម ជនរងគ្រោះ បានឃើញជនសង្ស័យ និងបក្ខពួកមួយចំនួនទៀត ជាមួយម៉ូតូជាច្រើនគ្រឿង នាំគ្នាស្ទាក់ផ្លូវជនរងគ្រោះ ទើបជនរងគ្រោះបើកម៉ូតូរត់ ខណៈនោះបក្ខពួកជនសង្ស័យបានគប់ដុំថ្មពីក្រោយតែមិនត្រូវ ជនរងគ្រោះក៏ចូលទៅសំងំលាក់ខ្លួន នៅផ្ទះឈ្មោះសុទ្ធ យ៉ាន រួចទូរស័ព្ទហៅម្ដាយ និងបងប្រុសឲ្យបើកឡានមកយកខ្លួនទាំងពីរនាក់ទៅផ្ទះ។

បន្ទាប់មកវេលាម៉ោង ២២និង៤៥នាទី ម្ដាយព្រមទាំងបងប្អូនរបស់ជនរងគ្រោះទាំង បីនាក់ បានបើកឡានទៅដល់ចំណុចកើតហេតុ ភ្លាមនោះជនសង្ស័យខាងលើ និងបក្ខពួកបានមកដល់ដោយមានកាន់ ដំបង ដុំថ្ម និងដាវសាំម៉ូរ៉ៃ ធ្វើសកម្មភាពគប់ផ្ទះ និងឡានជនរងគ្រោះ បណ្ដាលឲ្យត្រូវម្ដាយជនរងគ្រោះចំដើមដៃខាងស្ដាំចេញឈាម ព្រមទាំងបែកកញ្ចក់ទ្វារឡាន មុខខាងស្ដាំ ទោះបីម្ចាស់ឡានឃាត់យ៉ាងណាក៏មិនស្ដាប់ដែរ ស្របពេលនោះប្រជាជនជាច្រើននាក់ មកឃាត់ទើបក្រុមជនសង្ស័យ រត់បែកចេញពីគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងកំពុងស្វែងរកមុខសញ្ញាដែលរត់គេចខ្លួន យកមកចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់