ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង បានបើកបោះពួយបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់រលើងទាំងគ្រឹះ ហើយរថយន្តខ្ទេចមួយចំហៀង ដាច់កង់និងផ្ទុះពោងទាំង២ហើយធ្លាក់ពីលើផ្លូវ ទោះបីជាយ៉ាងណាគេពុំដឹងថា មនុស្សរងរបួសឬយ៉ាងណានោះទេ ដោយគេចបាត់ស្រមោល។
គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ១រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ស្ពានឡុងឈីន ក្នុងភូមិ ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បង្កការភ្ញាក់ដល់សមត្ថកិច្ច នៅវេលាម៉ោងប្រមាណ៥ព្រឹក។
រថយន្ត ដែលបុកបង្គោលភ្លើង ម៉ាក SSANG YONG REXTON ពណ៌ស អត់ស្លាកលេខ សមត្ថកិច្ចអះអាងថា ម្ចាស់ទើបតែទិញ បានរងការខូចខាតខ្ទេចមួយចំហៀងខាងឆ្វេង ដាច់កង់ឆ្វេងទាំង២និងផ្ទុះពោងទាំងពីរ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ដោយមានមនុស្សជិះ៣នាក់ ពេលធ្វើដំណើរឆ្លងស្ពានឡុងឈីនផុតបានបន្តិច មិនដឹងមូលហេតុអ្វីទេ? ខ្លះអះអាងថា អ្នកបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង ក៏បានរ៉េចង្កូតទៅឆ្វេងដៃហើយបុកបង្គោលភ្លើង បណ្តាលឲ្យរលើងទាំងគ្រឹះបាក់ដាច់ រថយន្តក៏បានជ្រុលធ្លាក់ផ្លូវនិងរងការខូចខាតធ្ងន់ធ្ងរ ។
បន្ទាប់ពីគ្រោះអ្នកបើកបរ រួមទាំងអ្នកដំណើររងរបួសស្រាល គេចបាត់ចោលរថយន្ត។ លុះនៅវេលាម៉ោងប្រមាណ៥ព្រឹកអ្នកដំណើរ ឆ្លងកាត់ក៏បានប្រទះឃើញ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
នៅព្រឹកនោះដែរនគរបាលមូលដ្ឋាន បានរាយការណ៍ទៅនគរបាលចរាចរណ៍ ដើម្បីចុះមកស្ទួចយករថយន្តបញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាត៕
មតិយោបល់