ភ្នំពេញៈ ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបដៃពីស្រ្តីម្នាក់ ដែលកំពុងជិះម៉ូតូ តែមិនសម្រេច បានបើករត់យ៉ាងលឿន ទៅបុកម៉ូតូយុវជនម្នាក់ កំពុងធ្វើដំណើរតាមផ្លូវ បណ្តាឲ្យដួល កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចកន្លែងលក់ធូរេន តាមបណ្តោយផ្លូវព្រះសីហនុ កែងនិង ផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់មិនត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ។
តាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា ដំបូងឡើយគេឃើញ នារីរងគ្រោះជិះម៉ូតូ ម៉ាកធូដេតមួយគ្រឿង មិនចាំស្លាក់លេខ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ ១០៥។ មកដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HJ.1380 មានគ្នា៣នាក់មកពីក្រោយ ធ្វើសកម្មភាពឆក់ការបូប តែមិនសម្រេចនោះទេ ពេលនោះជនសង្ស័យ បានបើករត់យ៉ាងលឿនតាមបណ្តោយផ្លូវ លេខ១០៥ ទិសដៅពីជើងទៅត្បូង។ មកដល់ផ្លូវ២៧៨ ក៏បុកជាមួយម៉ូតូ មួយគ្រឿងទៀត ម៉ាកស្គុតពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ.4450 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវ២៧៨ ជិះតែម្នាក់ឯងពេញទំហឹង បណ្តាលឲ្យដួលរងការខូចខាតម៉ូតូទាំងពីរគ្រឿង ផ្នែកខាងមុខយ៉ាងដំណំ។
ចំណែកជនសង្ស័យទាំងបីនាក់ បានងើបរត់បែកគ្នា ជនសង្ស័យទី១បានរត់ ទៅទិសខាងត្បូងបត់ទៅលិច តាមបណ្តោយផ្លូវ២៨០មកដល់ផ្លូវ១១៣ ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ជនសង្ស័យទី២បាន រត់ទៅទិសខាងជើង បត់ទៅផ្លូវ២៧៦ពីកើត ទៅលិចរត់បាត់ស្រមោល។
ឯជនសង្ស័យទី៣បានលោតចូលលូ ទឹកស្អុយក្បែររបងមន្ទីរពេទ្យ ក្នុងសង្កាត់ បឹងកេងកងទី២ បានពួនសំងំជាង ១ម៉ោង ទើបសមត្ថកិច្ចយកដែកត្បែង មកបុកទម្លុះគម្របលូ ហើយក៏ស្រែកហៅឲ្យជនសង្ស័យទី ៣ ចេញមកខាងក្រៅ ដោយសារទ្រាំនិងភាពស្អុយមិនបាន ធុំក្លិនខ្លាំងពេក ជនសង្ស័យបានលូនចេញមកក្រៅ ត្រូវបានសមត្ថកិច្ចយើងចាប់បាន។
ដោយសារខ្លួនប្រឡាក់ភក់ស្អុយ សមត្ថកិច្ចក៏យកទឹកសុទ្ធមកស្រោច ដុះលាងឲ្យ ជនសង្ស័យ ខណៈកំពុងតែដុះលាងក៏មានបុរសម្នាក់ ជាអ្នករត់កង់បីឥណ្ឌា ធាក់មួយជើងទៅលើជនសង្ស័យ ធ្វើឲ្យសមត្ថកិច្ចចាប់យកទៅសួរនាំ និងធ្វើកិច្ចសន្យាមិនឲ្យវាយ ទៅលើជនសង្ស័យលើកក្រោយទៀត។
ដោយទ្បែកជនរងគ្រោះ មិនមានបាត់បង់កាបូបទេ ហើយក៏បានជិះម៉ូតូ ចេញពីកន្លែង កើតហេតុបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័ទាំង២នាក់ ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត ដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនិតិវិធីនៃច្បាប់៕
មតិយោបល់