ភ្នំពេញៈ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់ទ្រេត ត្រង់ចំណុចខាងក្បែរស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ភ្លាមៗនោះ រថយន្តបង្ក ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែក៏ត្រូវសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ប្រចាំការនៅគោលដៅ ខាងក្រោមស្ពានអាកាស៧មករា ជិះម៉ូតូដេញតាម និងស្ទាក់ចាប់បាន ត្រង់ចំណុចក្បែរផ្សារក្រមួន ស្ថិតតាមបណ្ដោយផ្លូវ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក ម៉ាក់ស័រដេស AMG ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BH-1234 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿន។
មកដល់ចំណុចកើតហេតុ រថយន្តបង្ក បានបើកឆ្ពោះទៅផ្លូវ ៥៩៨ ដោយស្ថានភាពផ្លូវកោង ផ្គួបផ្សំទាំងអ្នកបើកបរមានល្បឿនលឿនផង ក៏ជ្រុលចង្កូតទៅខាងស្តាំឡើងលើខឿនសួន តាមចិញ្ចើមផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យបាក់ទ្រេតរងការខូចខាត។ ចំណែកឯរថយន្តបង្ក បានរងការខូចខាតក្រពឹតកាង និងបែកកង់ខាងមុខចំហៀងខាងស្តាំ។
ខណៈនោះពុំព្រមឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ហើយក៏ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលប្រចាំការនៅគោលដៅខាងក្រោមស្ពានអាកាស៧មករា ឃើញជិះម៉ូតូដេញតាមពីក្រោយ រហូតធ្វើការស្ទាក់ចាប់បាន ត្រង់ចំណុចក្បែរផ្សារក្រមួនខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់