ព័ត៌មានជាតិ

Update៖ តូចចិត្តខ្លួនមានជំងឺប្រចាំកាយរុំារ៉ៃ ស្ត្រីម្នាក់មកលោតទឹកសម្លាប់ខ្លួន រកសពមិនទាន់ឃើញ

ភ្នំពេញៈ ស្ត្រីមេម៉ាយម្នាក់តូចចិត្តនិងខ្លួនមានជំងឺ ប្រចាំកាយរុំាំរ៉ៃ សម្រេចចិត្ត មកលោតទឹក ពីលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនចោលកូនស្រីម្នាក់ ឲ្យនៅកំព្រាម្នាក់ឯង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពាន ជ្រោយចង្វារ ចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ហេន នាត អាយុ ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកប្រណាក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញស្ត្រីរងគ្រោះ ដើរកាន់កាបូបមួយ នៅលើស្ពានជ្រោយចង្វារ មិនដឹងថា មានរឿងអ្វីនោះទេ រួចបានទុកកាបូប ហើយក៏ឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទឹក លិចបាត់ ស្រមោល។ ប្រភពដដែលបានបន្តថា មានប្រជាពលរដ្ឋ ធ្វើដំណើរស្ទុះទៅជួយដែរ តែជួយមិនទាន់។

បើតាមសម្ដី កូនស្រីរបស់ជនរងគ្រោះមានឈ្មោះ ខេង ស្រីឡា អាយុ២៣ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ម្ដាយរបស់នាង បានចេញពីផ្ទះ ដោយមិនបានចាប់អារម្មណ៍នោះទេ លុះដល់ថ្ងៃទី៤ នៅតែមិនឃើញម្ដាយ មកផ្ទះខ្លួនក៏បានតេទូរស័ព្ទសួរ ស្រាប់តែម្ដាយប្រាប់ថា គាត់មកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ តែនាងមិនជឿ ។

នាងបានបន្តថា លុះដល់ម៉ោង០១រសៀលក៏មានប្រជាពលរដ្ឋតេប្រាប់នាងថា ម្ដាយរបស់នាងបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារបាត់ហើយ នាងនៅតែមិនជឿ។ រហូតដល់ម៉ោង២រសៀល សមត្ថកិច្ចបានតេទៅប្រាប់ថា គាត់ជាសមត្ថកិច្ច សូមឲ្យនាងមកយកសម្ភារៈ ម្ដាយនៅប៉ុស្តិ៍នគរបាលស្រះចក ៖ មានកាបូប ,ទូរសព្ទ័, និងសំបុត្រពេទ្យ ទើបដឹងថាម្ដាយស្លាប់មែន។

បច្ចុប្បន្ន ស្ត្រីរងគ្រោះលិចបាត់ ក្នុងទឹកទន្លេ រកមិនទាន់រកឃើញនៅឡើយទេ៕

មតិយោបល់