ភ្នំពេញៈ នៅវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុមហ៊ុនឯកជនមួយកន្លែង តាមផ្លូវលេខ៩៥ ភូមិ ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង មានករណីបុរសម្នាក់ ចូលទៅងូតទឹក ក្នុងបន្ទប់ទឹក ស្រាប់តែរអិលជើងដួល បោកក្បាលស្លាប់ភ្លាមៗមួយរំពេច។
ជនរងគ្រោះឈ្មោះគឹម ឌី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្តជូនថៅកែជនជាតិចិន របស់ខ្លួនមកកន្លែងធ្វើការ នៅក្រុមហ៊ុនឯកជនមួយ នៅពេលមកដល់ ថៅកែ បានដើរចូលទៅក្នុងក្រុមហ៊ុនបាត់ទៅ។
ដោយទ្បែកជនរងគ្រោះវិញ បានដើរចូលទៅក្នុងបន្ទប់ទឹក បំណងទៅងូតទឹក ស្រាប់តែរអិលដួល បោកក្បាលស្លាប់នៅនឹងកន្លែង។
ភ្លាមៗនោះអ្នករួមការងារជាមួយ បានហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ តែពេលទៅដល់ត្រូវគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ បន្ទាប់មកខាងក្រុមហ៊ុន ក៏បានរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់