កោះកុងៈ យុវជនជាកម្មករម្នាក់ ត្រូវបានគេប្រទះឃើញចងក សម្លាប់ខ្លួនទៅនឹងដើមឈើមុខផ្ទះ កាលពីវេលាទាបភ្លឺថ្ងៃទី២៦ឧសភានេះ នៅចំណុចបឹងឃុនឆាង ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ច បានឲ្យដឹងថា យុវជនដែលសម្រេចចិត្តចងក សម្លាប់ខ្លួននេះ មានឈ្មោះ យួង សំនិត ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការ ដោយមិត្តភក្ដិរួមការងារមិនបានលឺជនរងគ្រោះនិយាយអីសោះ ស្រាប់តែព្រឹកឡើង ក៏មានការភ្ញាក់ផ្អើលជនរងគ្រោះចងក សម្លាប់ខ្លួនតែម្តង។
សមត្ថកិច្ចជំនាញ បានមកពិនិត្យ បានបញ្ជាក់ថា យុវជនខាងលើពិតជាចងក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។ ក្រោយពីធ្វើកោសល្យវិច័យទៅលើសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់