ព័ត៌មានជាតិ

(លម្អិតបន្ថែម)៖ ពាណិជ្ជករចិនម្នាក់កាន់កាំភ្លើង ប៉ុនប៉ងឃាតកម្មត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅផ្ទះសំណាក់យីហោ ឡេង សុផាន

ភ្នំពេញៈ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តនៅចំណុចមុខទ្វារច្រកចូលភោជនីយដ្ឋាន និងកាហ្វេហ្គ្រីន ផ្ទះលេខ១៦៦ ផ្លូវលេខ១៥០ ក្រុមទី៨ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកប៊ុន សត្យា បានឲ្យដឹងថា ករណីឃាតកម្មគិតទុកជាមុនខាងលើនេះ បានកើតឡើងនៅក្នុងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា ១៩និង៥០នាទី ជនសង្ស័យបានប្រើកាំភ្លើងខ្លី(ម៉ាក SIG SAUER P329SP លេខ58c392677)បាញ់ទៅលើជនរងគ្រោះចំនួន៣ គ្រាប់នៅចំណុចកើតហេតុ គ្រាដែលជនរងគ្រោះនិងមិត្តភក្ដិម្នាក់ទៀតនាំគ្នាហូបអាហារ នៅក្នុងភោជនីយដ្ឋានខាងលើ ហើយជនរងគ្រោះឈ្មោះ XIAO HONG JE បានដើរចេញពីភោជនីយដ្ឋានទៅឈរជក់បារីនៅមុខទ្វារចូល តែការបាញ់ប្រហារនោះមិនបណ្ដាលឲ្យជនរងគ្រោះរបួសឡើយ។ ក្រោយធ្វើសកម្មភាមិនបានសម្រេច ភ្លាមនោះជនសង្ស័យបានបើករថយន្តTOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9223 គេចខ្លួនបាត់ ។

ក្រោយសភាពការណ៍កើតឡើងខាងលើ ទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ឧត្តមឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៤៥នាទី ឃាត់ខ្លួនបានជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ នៅផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីចាត់ការទៅតាមនីតិវិធី។

ជនសង្ស័យឈ្មោះ LAI SUNG MAO ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ ពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ ៣០៦៧០១៩៧១ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ មានទីលំនៅស្នាក់នៅផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន-កាំភ្លើង ចំនួន១ និងគ្រាប់ចំនួន៣០ គ្រាប់-លិខិតឆ្លងដែនចំនួន២ ក្បាល លេខ 306701971 និងលេខ 03667191 -ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក IPhone7 ពណ៌ ខ្មៅ និងម៉ាក HAUWEI ពណ៌ទឹកប៊ិច-ម្សៅ ពណ៌ស (សង្ស័យជាគ្រឿងញៀន)ចំនួន១០ កញ្ចប់-ថ្នាំគ្រាប់ម៉ាកហ្វាយ (សង្ស័យជាគ្រឿងញៀន) ចំនួន៥ គ្រាប់-ថ្នាំគ្រាប់ ពណ៌ខៀវ និងពណ៌ផ្កាឈូក (សង្ស័យជាគ្រឿងញៀន)ចំនួន ១៨ គ្រាប់-កាបូប ពណ៌ ខ្មៅ ចំនួន 01-កូនសោរថយន្ត ចំនួន01 ,កូនសោម៉ូតូ ចំនួន01 រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AY-9223 – អាវយឺតដៃខ្លី ពណ៌ ខ្មៅ មានអក្សរ HUGO BOSS(SPRONG/SUMMER 2018) ចំនួន01 -ខោជើងខ្លី ពណ៌ ត្រួយចេក (មានខ្សែចងពណ៌ខ្មៅ) ចំនួន01 និងស្បែកជើងសង្រែក ពណ៌ខ្មៅ ចំនួន មួយគូរ។

ចំនែកជនរងគ្រោះឈ្មោះ XIAO HONG JE ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ
៣៩៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ និងម្នាក់ទៀតឈ្មោះ ស្រូ រិទ្ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៧២ ផ្លូវលេខ១១៣សេះ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរខរបរ គ្របង្រៀន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់