ព័ត៌មានជាតិ

លោក កង សុខន នាំយកគ្រឿងបរិក្ខារទៅប្រគេនព្រះសង្ឃចំនួន៨វត្ត ក្នុងឃុំព្រែកចង្ក្រាន និងឃុំល្វេ

ព្រៃវែងៈ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ លោកនាយឧត្តសេនីយ៍ កង សុខន អគ្គស្នងការរងនគបាលជាតិ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស៊ីធរកណ្តាលបាននាំយកនូវគ្រឿងបរិក្ខារ ទៅប្រគេនដល់ព្រះសង្ឃចំនួន៨វត្ត ក្នុងឃុំព្រែកចង្ក្រាន និងឃុំល្វេ ។

ជាមួយគ្នានោះដែរលោកនាយឧត្តសេនីយ៍ កង សុខន សំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ អំពីការរីកចម្រើន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះលោកក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចតែងតែព្រួយបារម្ភ ពីសុខទុក្ខ ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិត របស់ពុកម៉ែបងប្អូន ក្នុងរដូវវស្សានេះ។ សម្តេចក្រឡាហោមមានការព្រួយបារម្ភ បងប្អូនប្រជាពលរដ្ឋ នូវបញ្ហា ខ្យល់កន្ទាក់ និងរន្ទះ។ សម្តេចបានជំរុញឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងនៅមូលដ្ឋានផ្ទាល់ឲ្យចុះពិនិត្យមើលពីស្ថានភាព ជាក់ស្តែងនូវកង្វះខាត របស់បងប្អូន និងជួយដោះស្រាយជូនភ្លាមៗគ្រប់មធ្យោបាយ។

គ្រឿងបរិក្ខារដែលយកទៅប្រគេនព្រះសង្ឃក្នុងពេលនោះ មួយវត្តៗទទួលបាន អង្ករនាងខុនចំនួន៥០គីឡូក្រាម ទឹកស៊ីអ៊ី១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធវីតាល់២កេស មីម៉ាម៉ា១កេស ទៀនវស្សា១គូ និង បច្ច័យមួយវត្ត២០០,០០០រៀល។

ក្នុងនោះដែរ តាជី យាយជីចំនួន៣២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០.០០០រៀល។ ប្រជាការពារភូមិចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០.០០០រៀល។ កម្លាំងនគរបាលប៉ុស្តិ៍៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០.០០០រៀលផងដែរ៕

មតិយោបល់