ព័ត៌មានជាតិ

Update៖ ហ៊ីយ៉ាន់ដាយ បុកផ្ទប់ម៉ូតូជាមួយរថយន្តក្រសួងសាធារណការ និង ដឹកជញ្ជូន បណ្ដាលឲ្យបុគ្គលិកសណ្ឋាគារសុខាពីរនាក់ប្ដីប្រពន្ធ និងកូនៗ របួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង ៤០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅជិតវិមានឈ្នះឈ្នះ ត្រង់ចំណុចរង្វង់មូលមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តដឹកដី បុកម៉ូតូរុញជនរងគ្រោះ ផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀត មានដឹកអេស្កាវ៉ាទ័រ បណ្ដាលឲ្យក្រពឹតកៀបជាប់គ្នា របួសមនុស្ស ៤នាក់ ។

រថយន្តទី១ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣D-៣៣៥១ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ និងរថយន្តទី២ ម៉ាក ហ៊ីយ៉ាន់ដាយ ដឹកអេស្កាវ៉ាទ័រ ពាក់ស្លាកលេខ ៣D-៧៩៧២ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ជារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។

ដោយទ្បែកម៉ូតូ ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ១BK-២១៣២ មានជិះគ្នា ៤នាក់ បើកបរដោយបុរសជាប្តីឈ្មោះ ពុធ សុធារ៉ា អាយុ៣៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា បានរងរបួសធ្ងន់ និងអ្នករួមដំណើរ៖

១-ស្ត្រីជា ប្រពន្ធ ឈ្មោះ តេង រតនា អាយុ ២៦ ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា (របួសធ្ងន់)
២-ឈ្មោះ ម៉ាន ស៊ីណារ៉ាក់ ភេទប្រុស អាយុ ៧ ឆ្នាំ ត្រូវជាកូន (របួសធ្ងន់)
៣-ឈ្មោះពុធ សុលីហ្សា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូន (របួសធ្ងន់)។ ទាំងអស់គ្នា រស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ៤នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត វត្ថុតាងត្រូវសមត្ថកិច្ច វាស់វែងធ្វើកំណត់ហេតុ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់