ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស បញ្ជាឲ្យកាយដីបើកមុខទឹកជាបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ ក្រោយពីអ្នកមានលុយរំលោភ

ភ្នំពេញ: ជំនន់ទឹកភ្លៀងពេលនេះកំពុងតែគំរាមកំហែងតំបន់មួយចំនួននៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ជាពិសេសក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ក្រោយពីមាន ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាចាប់ពីក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួច និងបង្កឲ្យមានការចាប់អារម្មណ៍ ជាខ្លាំងពីសំណាក់អាជ្ញាធររាជធានីភ្នំពេញដើម្បីរិះរកវិធានការចាំបាច់ក្នុងការបញ្ជៀសការ លិចលង់ដោយសារជំនន់ទឹកភ្លៀងនេះ។

ក្នុងឧិកាសអញ្ជើញទៅពិនិត្យមើលជាក់ស្តែងដល់ចំណុចដែលទទួលរងការលិចកាលពីព្រឹកថ្ងៃទី៨ តុលានេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរ និងមន្ទីរសាធារណ:ការ និងដឹកជញ្ជូនរាជធានីភ្នំពេញដំណើរការកាយយកដីចេញជាបន្ទាន់នៅរាល់ចំណុចដែលត្រូវបានអ្នកមានប្រាក់ និងប្រជាពលរដ្ឋចាក់ដីលប់ប្រឡាយ យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនដែលជាមូលហេតុចម្បងមួយធ្វើឲ្យស្ទះចរន្តទឹកមិនអាចហូរបាន និង បណ្តាលឲ្យស្ទះដោយសារតែខ្វះប្រពន្ធ័នាំទឹកចេញ។

តាមការពិនិត្យជាក់ស្តែងប្រឡាយមួយខ្សែតាមបណ្តោយផ្លូវរថភ្លើងពីផ្លូវជាតិលេខ៤តភ្ជាប់ទៅប្រឡាយតាហោដែល មានប្រវែងជាង៦០០ម៉ែត្រ ត្រូវបានម្ចាស់បូរី New Town ចាក់ដីលប់សង់ផ្ទះល្វែងដោយដាក់ លូជំនួសវិញដែលធ្វើឲ្យទឹកមិនអាចហូទាន់។ ចំណែកប្រឡាយមួយខ្សែទៀតស្ថិតនៅក្នុង សង្កាត់ត្រពាំងក្រសាំងក៏ត្រូវបានលោកអភិបាលបញ្ជាឲ្យកាយបើកមុខទឹកដែរដើម្បីរំដោះទឹកចេញពីភូមិនិងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិត្រពាំងក្រសាំងទី១.ទី២និងទី៣ក្នុងសង្កាត់ ត្រពាំងក្រសាំងដែលកំពុងទទួលរងការលិចលុងជាច្រើនថ្ងៃមកហើយ។

ស្ថានភាពអាកាសធាតុដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងដូចប៉ុន្មានថ្ងៃមកនេះ បានបង្កឲ្យកំណាត់ផ្លូវជាតិលេខ៤មួយកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកាត់ផ្តាច់ ដោយទឹកលិចបង្កឲ្យមានការលំបាកនិងស្ទះចរាចរ។ ឯចំណែកផ្លូវនៅតាមភូមិ សង្កាត់មួយចំនួនក៏ទទួលរងការលិចលង់ផងដែរ ដោយបរិមាណទឹកមួយផ្នែកធំត្រូវបានហូរទម្លាក់មកពីខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ លោកប៉ា សុជាតិវង្ស បានណែនាំផង និងស្តីបន្ទោសផង ដល់អភិបាលខណ្ឌពោធិសែនជ័យ ដែលព្រងើយកន្តើយមិនយកចិត្តទុកដាក់ចំពោះការ លក់ដូររបស់ប្រជាពលរដ្ឋនៅមុខរោងចក្រកាត់ដេរឈ្មោះប៊ើរី អីមភើរឹល ដែលយក ចិញ្ចើមផ្លូវបេតុងអូឌឹមដែលសាលារាជធានីភ្នំពេញទើបបានស្ថាបនារួចមកសង់រោង ឬតូបនិង  លក់ដូរលើផ្លូវបង្កការស្ទះចរាចរយ៉ាងខ្លាំងដោយលោកអភិបាលថ្លែងថា លោកមិនចង់យក អ្នកផ្សេងមកធ្វើការជំនួសនោះទេ គឺជម្រុញលោកអភិបាលខណ្ឌពោធិសែនជ័យដោះស្រាយលើបញ្ហាសណ្តាប់ធ្នាប់នេះឲ្យខាងតែបាន ដោយសារតែការស្ថាបនាផ្លូវមួយខ្សែនេះអស់លុយរាប់លានដុល្លារ មិនអាចឲ្យគេរំលោភយកទ្រូវផ្លូវនោះទេ។

តាមប្រភពព័ត៌មានពីមន្ទីរធនធានទឹក ឲ្យដឹងថា៖តាមការត្រួតពិនិត្យនៅស្ថានីយ៏សែនសុខគិតពីដើមឆ្នាំមករាជធានីភ្នំពេញទទួលរងទឹកភ្លៀងក្នុងកម្រិត១០៣៤,៤mm ចំណែកនៅស្ថានីយរបស់មន្ទីរធនធានទឹក និងឧតុនិយមកម្រិតទឹកមានបរិមាណ៨២៨mm។តាមការព្យាករណ៏អាកាសធាតុរបស់ក្រ សួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ខ្យល់មូសុងនិរតីបាននឹងកំពុងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ហើយប្រពន្ធ័សម្ពាធទាបនៅបន្តអូសកាត់លើភាគខាង ជើងប្រទេសកម្ពុជាដែលបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីមធ្យមទៅច្រើន។

នៅព្រឹកថ្ងៃដដែលនេះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញទៅពិនិត្យមើលចំ ណុចលូ៥ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោដែលត្រូវប្រជាពលរដ្ឋចាក់ដីលប់ប្រ ឡាយនិងសាងសង់លំនៅដ្ឋានពីលើ។ ទោះបីយ៉ាងណា លោកអភិបាលបញ្ជាឲ្យកាយដី ដែលត្រូវរំលោភនេះចេញ និងរុះរើសំណង់ចេញជាបន្ទាន់ ដើម្បីបើកមុខទឹកបញ្ជៀសការ លិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងលិចផ្លូវធ្វើដំណើរ៕

photo_2016-10-08_17-11-26

photo_2016-10-08_17-11-10

photo_2016-10-08_17-11-14

photo_2016-10-08_17-11-15

photo_2016-10-08_17-11-16

photo_2016-10-08_17-11-17

photo_2016-10-08_17-11-18

photo_2016-10-08_17-11-20

photo_2016-10-08_17-11-21

photo_2016-10-08_17-11-22

photo_2016-10-08_17-11-23

photo_2016-10-08_17-11-24

photo_2016-10-08_17-11-25

មតិយោបល់