ព័ត៌មានជាតិ

ពឹងឲ្យឌុបជូនទៅពេទ្យ ដូចផ្តល់ឱកាសឲ្យយកម៉ូតូទៅបាត់

ភ្នំពេញៈ ស្ត្រីម្នាក់បានពឹងពាក់អ្នកធ្លាប់ស្គាល់គ្នាឲ្យជូនទៅមើលម្តាយមីងឈឺសម្រាកក្នុងមន្ទីពេទ្យដោយជិះម៉ូតូរបស់គាត់ឌុបគ្នាទៅ ខណៈទៅដល់ពាក់កណ្តាលផ្លូវគាត់បានចុះទិញបបរស្រាប់តែបុរសខាងលើបានជិះម៉ូតូគាត់ទៅបាត់តែម្តង។

ករណីនេះបានកើតឡើងកាលពីម៉ោង ០៤និង៤៥នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នៅផ្លូវ២៧១ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ស្ត្រីរងគ្រោះឈ្មោះគ្រី សុផានី អាយុ៣៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ចំណែកជនសង្ស័យដែលឆបោកយកម៉ូតូទៅឈ្មោះ( ផល្លី) អាយុជាង៣០ឆ្នាំស្នាក់នៅផ្ទះលេខ២៣៦ផ្លូវ៥៩៧ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។

តាមសំដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុគាត់បានពឹងពាក់ជនសង្ស័យខាងលើដោយយកម៉ូតូរបស់គាត់(ម៉ូតូជនរងគ្រោៈ) ម៉ាកវ៉េវ អាល់ហ្វាសេរី២០១២ពណ៌ខ្មៅពាក់ស្លាកលេខ
ភ្នំពេញ1BE-9969 ឌុបគាត់ទៅមើលម្តាយមីងដែលកំពុងឈឺសម្រាកក្នុងមន្ទីពេទ្យ ខណៈឌុបមកដល់ចំណុចខាងលើគាត់បានចុះពីលើម៉ូតូទៅទិញបបរ ពេលចុះផុតជនខាងលើបានប្រាប់ថា ទៅទិញបារីមួយភ្លែត ហើយក៏ជិះម៉ូតូគាត់ទៅបាត់រហូតតែម្តង។

ប្រភពបានប្រាប់ទៀតថា តាមពិតគាត់ធ្លាប់ស្គាល់បុរសខាងលើតែងតែមករត់ម៉ូតូឈប់ចាំម៉ូយនៅមុខផ្ទះគាត់រាល់ថ្ងៃទើបគាត់ស្គាល់ហើយនៅល្ងាចខាងលើដោយសារពេលល្ងាចគាត់មិនចង់ជិះម៉ូតូទៅពេទ្យខ្លួនឯងទើបពឹងឲ្យបុរសខាងលើជូនទៅហើយក៏មិននឹកស្មានថាបុរសខាងលើហ៑ានបោកម៉ូតូរបស់គាត់ផងទេ។

នៅល្ងាចថ្ងៃដដែលស្ត្រីរងគ្រោះបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីដាក់ពាក្យបណ្តឹងនិងជួយធ្វើការស្រាវរកជនសង្ស័យ៕

មតិយោបល់