ភ្នំពេញៈ យុវជនម្នាក់ឆក់យកទូរស័ព្ទ ពីយុវជនម្នាក់ទៀតរត់គេច ដេញតាម ត្រូវបានជនខាងលើប្រដាប់ដោយដុំថ្មគប់លើម្ចាស់ទូរស័ព្ទបែកក្បាលហូរឈាមកក្លាក់ ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋជួយដេញចាប់ ស្វាគមន៍មួយដៃមួយជើង បែកមុខ ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនដែលឆក់ទូរស័ព្ទគេឈ្មោះផល ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករលើកឥវ៉ាន់នៅឃ្លាំងDK មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះ ហ៊ាម គឹមហុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ សន្តិសុខ យាមនៅឃ្លាំងDK ស្នាក់នៅផ្ទះជួលភូមិ អូដឹម សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិខ្វាវ ឃុំព្រៃប្រសិទ្ធ ស្រុកត្រាំកក់ ខេត្ត តាកែវ រងរបួសបែកក្បាលហូរឈាមកក្លាក់ ។
តាមសម្តីភាគីរងគ្រោះ ម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលនៅកន្លែងលក់ខោអាវ របស់ម្តាយ តាមផ្លូវជាតិលេខ៤ ភូមិអូដឹម ជនសង្ស័យបានដើរទៅ សុំខ្ចីទូរស័ព្ទ ខលទៅរកសង្សា មិនទាន់ថាឲ្យផង ស្រាប់តែជនសង្ស័យឆក់ទូរស័ព្ទពីដៃរត់គេច ទើបដេញតាម រហូតដល់ដីវាល ក្រោយរោងចក្របឺរី ជនសង្ស័យ រើសបានដុំថ្ម គប់លើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល ទើបជនរងគ្រោះស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋចេញមកជួយចាប់ឃាត់ វាយមួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ច ។
ចំណែកជនសង្ស័យវិញបានឲ្យដឹងថា ម្ចាស់ទូរស័ព្ទ ជំពាក់លុយរូបគេ៤០ដុល្លា ម្ចាស់ទូរស័ព្ទអត់លុយសង ទើបបបួលនាំដើរចេញពីកន្លែងលក់ខោអាវ យកទូរស័ព្ទ I phone 6 plush តែម្តង ។
តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីជនបង្ក វាយ គប់លើម្ចាស់ទូរស័ព្ទ បែកក្បាល ជនរងគ្រោះស្រែកឲ្យជួយ ទើបផ្អើលនាំគ្នាចេញជួយចាប់ ត្រូវបានជនសង្ស័យស្រែកគម្រាម កាប់លើប្រជាពលរដ្ឋវិញ ឡោមព័ទ្ធជុំជិត សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ តាមបណ្តឹងភាគីរងគ្រោះ ៕
មតិយោបល់